ភ្នំពេញ ៖ គម្រោងកែលម្អស្ពានជ្រោយចង្វា ចាស់ មិត្តភាព កម្ពុជា ជប៉ុន មកដល់ពេលនេះ ស្ថាបនាសម្រេចបាន ១០០ ភាគរយហើយ នៅឡើយរង់ចាំតែពិធីបើកសម្ពោធជាផ្លូវការប៉ុណ្ណោះ នៅថ្ងៃទី០៣ ខែមេសានេះ ដើម្បីសម្រួលដល់ ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។
នៅរសៀលថ្ងៃចន្ទ១២ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញក្រោមឱវាទ បានអញ្ជើញចុះពិនិត្យស្ពានជ្រោយចង្វា ចាស់ ដែលទើបជួស ជុលរួច ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។
ក្នុងឱកាសនៃការចុះពិនិត្យនោះផងដែរ លោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ត្រី និងអាជ្ញាធររៀបចំ សណ្តាប់ធ្នាប់អោយបានល្អប្រសើរ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការក្រុងបានបញ្ជាក់ថា៖ ស្ពានជ្រោយចង្វាចាស់មិត្ត ភាពកម្ពុជា ជប៉ុន គ្រោងបើកសម្ពោធជាផ្លូវ ការនៅថ្ងៃទី៣ខែមេសាខាង មុខនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រុមការងារជំនាញទាំង ជប៉ុននិងកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្រុកការជួស ជុលគម្រោងកែលម្អស្ពានជ្រោយចង្វាចាស់ទំាងយប់ ទាំងថ្ងៃ ដើម្បី អោយហើយមុនផែនការ ដែលបង្កលក្ខណៈងាយ ស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈស្ពានជ្រោយចង្វាថ្មីមានចរាចរណ៍មមាញឹកខ្លំាងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ពិសេសការសម្រួលចរាចរណ៍ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរដែលប្រជាពលរដ្ឋធ្វើចរចរណ៍ ចេញទៅស្រុកកំណើតមិនប្រឈមការកកស្ទះ ។
លោកបន្តថា៖ តាមបច្ចេកទេសនេះគម្រោងកែលម្អស្ពាននេះ បានសាងសង់ទម្រស្ពានថ្មី ជួសជុលផ្នែកកណ្តាលស្ពានឆ្លងកាត់ទន្លេនិងកែលម្អគល់ស្ពានទាំងសងខាង ។ ស្ពាននេះមានប្រវែង៧០៩ម៉ែត្រ ឆ្លងកាត់ទន្លេសាប ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៣ បាលជប៉ុន ប៉ុន្តែដោយសារសង្គ្រាម ស៊ីវិលក្នុងកំឡុងទស្សវត្សទី៧០ស្ពាននេះត្រូវបានទទួលរងការខូច ខាតទាំងស្រុង ហើយរហូតដល់ឆ្នាំ១៩៩២ ទើបជួស ជុលស្តារឡើងវិញ ។
សូមបញ្ជាក់ថា៖ គម្រោងជួសជុលស្ពានជ្រោយចង្វាចាស់មិត្តភាពកម្ពុជា ជប៉ុន ឡើងវិញនេះ ប្រើរយៈពេលពេល២២ ខែ ដោយត្រូវចំណាយថវិកា រហូតដល់ជាង៣០លានដុល្លារ ដែល ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕ សំរិត