ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់ព្យុះកន្រ្តាក់នៅតែបន្តវាយប្រហារផ្ទះសម្បែងពលរដ្ឋ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៦ខ្នងរងការខូចខាត និងសត្វពាហនៈ(ក្របី)ចំនួន ១ក្បាលបានងាប់ ដោយសារគ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់ និងរន្ទះបាញ់ នៅគ្រាដែលចុងខែមីនា និងដើមខែមេសា ឆ្នាំ២០១៩ នេះ មេឃបន្តធ្លាក់ភ្លៀងតំបន់នានាស្ទើររាល់ថ្ងៃ។

យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញឃើញថា ហេតុការណ៍គ្រោះធម្មជាតិបន្តកើតមានខាងលើ បានកើតឡើងនារសៀងថ្ងៃច័ន្ទ ១រោច ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ បណ្ដាលឲ្យរបើកដំបូល និងជញ្ជាំងផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣ខ្នង ។

ដោយឡែក៖ របាយការណ៍នគរបាលស្រុកបាកានឯនេះវិញបានឲ្យដឹងដែរថា នៅរសៀលថ្ងៃដដែលនោះ នៅភូមិកោះក្របី ឃុំខ្នាទទឹង ស្រុកបាកាន បានដួលរលំផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នងដែរ បណ្ដាលឲ្យខូចខាតអស់ទាំងស្រុង និងម៉ូតូចំនួន ១គ្រឿង ហើយនៅភូមិសេរីគន្ធា ឃុំតាលោ ស្រុកបាកាន របើកដំបូល និងជញ្ជាំងផ្ទះប្រជាពលរដ្ឋអស់ចំនួន ០២ខ្នងបន្ថែមទៀត និងរន្ទះបាញ់ងាប់សត្វពាហនៈ(ក្របី)ចំនួន ១ក្បាលផងដែរ ។

គួររំលឹកផងដែរថា នៅរសៀលថ្ងៃទី២៩ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ថ្មីៗនេះ នៅស្រុកបាកាន ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ មានភ្លៀងធ្លាក់កក់ខែលាយឡំទៅដោយខ្យល់កន្រ្តាក ផ្គរ រន្ទះបាញ់ បណ្ដាលឲ្យរបើកដំបូល ដួលរលំ បាក់ដើមឈើ ងាប់សត្វគោ ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ចំនួន ៣នាក់ផងដែរ ៕ ប៉ឹម ពិន


ចែករំលែក៖