ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់ក្រសួងការពារជាតិកាលពីថ្ងៃទី អង្គារ ១៣រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០២ខែ មេសា ឆ្នាំ ២០១៩ ស្ថិតក្រោមអធិបតី ភាព លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងកាពារជាតិ ព្រមទាំងវត្តមាន នាយទាហានមកពីស្ថាប័នកងឯកភាពចំណុះក្រសួង អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) អនុវត្តតាមកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្មវីធីការងារ ផែនការ កែទម្រង់ (ខ.ភ.ម) រយះពេល៥ឆ្នាំ (២០១៥-២០១៩) ក្រសួង ការពារជាតិ ដាក់ចេញទិសដៅការងារដូចខាងក្រោម:
បន្តកសាងពង្រឹងប្រៀបការពារជាតិ លើគ្រប់វិស័យ ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី សុខសន្តិភាព ជូនសង្គមជាតិ ព្រមទាំងចូលរួមទប់ស្កាត់ សកម្មភាពបទល្មើសផ្សេងៗតាមតំប ន់ព្រំដែន និងសកម្មភាពឆ្លងដែន ខុសច្បាប់ទៅវិញទៅមក ។
ទន្ទឹមនឹងនេះ បន្តកិច្ចសហប្រតិបត្តិការល្អ ថែមទៀតជាមួយប្រទេសជិតខាង និងដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើង ដោយសន្តិវិធី ។
ក្នុងពង្រាងរបាយការណ៍ត្រីមាសទី ១ របស់ក្រសួងការពារជាតិអានដោយលោក ឧត្តមសេនីយ៍ ចាន់ សារាងអគ្គលេខាធិការរង ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានសរុប លើកឡើងពីចំណុចខ្លាំង ខ្សោយ និងវិធានការរបស់ក្រសួងលើការដឹកនាំបញ្ជា ទទួលលទ្ធផលគាប់ប្រសើរ ត្រូវបានថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ កោតសរសើរស្នាដៃនេះ និងតម្រង់ទិសតាម អ្វីដែលផ្តល់ផលប្រយោជន៍ដល់សង្គម ។
បន្ទាប់ពីស្ថាប័ន កងឯកភាព មានចំណាប់អារម្មណ៍ លើចំណុចសេសសល់ និងបំពេញបន្ថែមក្នុងរបាយការណ៍រួចមក គណៈ អធិបតី បានវាយតម្លៃពីសភាពការណ៍រួម ព្រមទាំងដាក់ចេញវិធានការនានា សំដៅពង្រឹងការការពារជាតិ ឲ្យកាន់តែប្រសើរទ្វេឡើងថែមមួយកម្រិតទៀតផងដែរ ៕ សុខដុម