ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រតិបត្តិការបង្ក្រាប ការចរាចរណ៍ជ្រូកពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចចម្រុះនៃខេត្តត្បូងឃ្មុំបានសហការគ្នាចុះបង្ក្រាប និងទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសវៀតណាមមកកម្ពុជា តាមច្រកមួយចំនួន ក្នុងស្រុកស្នួល ខេត្តក្រចេះ ជាលទ្ធផលកម្លាំងបានចាប់ដកហូតយកជ្រូក៣១ក្បាល រថយន្តមួយគ្រឿង និងមនុស្សម្នាក់ ។

នគរបាលឲ្យដឹងថា កិច្ចសហប្រតិបត្តការនេះធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមបទបញ្ជា លោក ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ទា បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីទទួលព័ត៌ មានពីការចរាចរណ៍ជ្រូកពីប្រទេសវៀតណាម លោកបានចាត់តាំងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ និងកម្លាំងការិយាល័យសេដ្ឋកិច្ច ការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសហការបង្រ្កាបការនាំចូលជ្រូកពីប្រទេសវៀតណាម មកកម្ពុជា ចំណុចស្រុកស្នួល ខេត្តក្រចេះ ។ លោកថា ជាលទ្ធផលកម្លាំង ចាប់ឃាត់រថយន្ត០១គ្រឿង ជ្រូកចំនួន៣១ក្បាល និងមនុស្សចំនួន០១នាក់ ។

បច្ចុប្បន្នកម្លាំងបានប្រគល់វត្ថុតាងទៅឲ្យជំនាញបសុពេទ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕  វណ្ណៈ


ចែករំលែក៖