ខេត្តស្ទឹងត្រែង៖ សកម្មភាពមេឈ្មួញទន្ទ្រានដីរដ្ឋ នៅចំណុចក្រោយភ្នំអ្នកតាភ្លើងនាគខៀវ ត្រូវឈ្មួញកំពុងតែកាប់ព្រៃឈើ យកដីរដ្ឋលក់ឲ្យចិន បម្រុងផ្តាច់ពូជ ដែលបច្ចុប្បន្ន ព្រៃនៅសេសសល់បន្តិចបន្តួច ស្ទើរតែរលាយទាំងស្រុងទៅហើយ ថែមទាំងរំលោភយកកន្ទុយដីពលរដ្ឋជាង៣០គ្រួសារ និងរលំឈើបិទផ្លូវពួកគាត់ថែមទៀត ធ្វើយ៉ាងគឃ្លើន ដោយមានលោកមេភូមិ ប៉េន ម៉ៅ ជាមេខ្លោងនៅពីក្រោយក្នុងរឿងនេះ ជាអ្នកបញ្ជាឲ្យលោកជាន ម៉ន ជាអ្នកមើលការខុសត្រូវ បានជួលពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីរដ្ឋ តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី៣ ខែមេសា ២០១៩ ទើបបែកធ្លាយដល់អ្នកសារព័ត៌មាន រាយការណ៍ទៅសមត្ថកិច្ចជំនាញ និងអាជ្ញាធរ ទើបមេការបញ្ជាឲ្យដក កម្លាំងពលរដ្ឋស៊ីឈ្នួល កាប់ព្រៃឈើនោះ ចេញជាបន្តបន្ទាប់ ដែលមានកម្លាំងពលរដ្ឋជាច្រើន ចែកចេញជា៦ក្រុម ក្នុង១ក្រុម៦នាក់ មានរណារយន្ត គ្រប់ដៃ ធ្វើសកម្មភាព នៅចំណុចអូរក្រូច រហូត មកដល់ចំណុចក្រោយភ្នំ អ្នកតាភ្លើងនាគខៀវ ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។
តាមការៀបរាប់របស់លោកស្វាយ នី ប្រជាពលរដ្ឋនៅភូមិ ឃុំខាងលើ បានឲ្យដឹងថាៈ សព្វថ្ងៃនេះ មានឈ្មួញកំពុងកេណ្ឌពលរដ្ឋក្នុងភូមិជាច្រើននាក់ ដោយឲ្យតម្លៃឈ្នួល១ហិកតា ៤០ម៉ឺនរៀល ចូលកាប់ទន្ទ្រានដីរដ្ឋ និងដាច់កន្ទុយដី ពួកគាត់ជាង៣០គ្រួសារ នៅចំណុចខាងលើ ពេលពួកគាត់តវ៉ា សួរនាំទៅលោកប៉េន ម៉ៅ ជាមេភូមិស្រឡៅ លោកថា គេកាប់យកដីចែកឲ្យអ្នកអត់ដី ក្នុង១គ្រួសារ៥ហិកតា ដោយរៃអង្គាស់លុយពួកគាត់ ក្នុង១គ្រួសារ ៤ម៉ឺនរៀល ហើយលោកមេភូមិរូបនេះ បានប្រាប់បញ្ជាក់ ទៅមេការជាន ម៉ន ឲ្យប្រាប់អ្នកកាប់ថាៈ បើអ្នកមកឃាត់ ឬប្រាប់ឲ្យឈប់កុំឈប់ លុះតែចេញបញ្ជាពីលោកទើបឈប់បាន ។
លោកបន្តថាៈ រហូតក្រោយមក ទើបដឹងថាៈលោកប៉េន ម៉ៅ នេះបញ្ជាឲ្យឈ្មោះ ជាន ម៉ន ឲ្យកេណ្ឌកម្លាំងពលរដ្ឋជាច្រើននាក់ ចែកចេញជា៦ក្រុម ក្នុង១ក្រុម៦នាក់ មានរណាយន្តគ្រប់ដៃសរុបជាង៣០ម៉ាស៊ីន ហើយដែលដឹងពីអ្នកស៊ីឈ្នួលកាត់នោះថា គេកាត់លក់ឲ្យទៅឲ្យចិន ដែលមានមេការធំមកពីភ្នំពេញ កំពុងតែដេកនៅមើលការខុសត្រូវ នៅចំណុចអូរក្រូច អ្នកផ្តល់សេវាផ្សេងៗ ទាំងថ្លៃកម្មករស៊ីឈ្នួលកាប់ និងបង់សេវា ទៅសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន ថ្នូរនឹងមិនបង្ក្រាបដើម្បីឲ្យដំណើរការទៅរលូន ។
ចំណែកលោកប៉េន ម៉ៅ បានប្រាប់អ្នកសារព័ត៌មានថាៈ បញ្ហារឿងកាប់ដីព្រៃនោះ លោកថា អត់ដឹងទេ គេកាប់នៅកន្លែងណាក៏ មិនដឹងដែរ លោកថា ចាំលោកចុះទៅមើល តែរឿងរៃអង្គាស់ លុយបងប្អូនពលរដ្ឋនោះ មានមែន តែមិនកំណត់នោះទេ ខ្លះក៏បានទៅ ខ្លះក៏អត់ទៅ ខ្លះបាន៥ពាន់រៀល ខ្លះ១ម៉ឺនរៀល មិនដូចពលរដ្ឋគាត់ថានោះទេ ដីនោះ នៅមិនទាន់ដឹងថា នៅទីណានោះទេ រួចក៏បិទទូរស័ព្ទតែម្តង ។
ជុំវិញរឿងនេះ លោកម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត បានបញ្ជាក់ពាក់ព័ន្ធបញ្ហានេះ នៅរសៀលថ្ងៃទី៤ ខែមេសាថាៈ ក្រោយពេលបានទទួលព័ត៌មាន ក្នុងរឿងឈ្មួញកាប់ទន្រ្ទានដីព្រៃរដ្ឋនេះ លោកបានរាយការណ៍ជូនលោកអភិបាល គណៈបញ្ជាការឯកភាពខេត្ត តាមរូបភាព និងខ្លឹមសារខាងលើ លោកបានបញ្ជាឲ្យដកហូត និងទប់ស្កាត់ជាបន្ទាន់ ទៅលោកអភិបាលស្រុកថាឡាបរីវ៉ាត់ ដើម្បីចាត់ការរឿងនេះ និងថែរក្សាភ្នំ និងព្រៃឈើ ជាជីវចម្រុះដើម្បីអភិរក្សទុកជាជម្រកសត្វ តទៅអនាគត ។
លោកបន្តទៀតថា រាល់ការផ្តល់ព័ត៌មាន ពីអ្នកសារព័ត៌មាន លោកតែងតែយកចិត្តទុកដាក់ និងសម្រិតសម្រាំង និងដោះស្រាយក៏ដូចបកស្រាយជូនទាន់ពេលវាលាផងដែរ ដើម្បីសង្គមជាតិ ហើយលោកអភិបាលស្រុក ក៏បានចាត់កម្លាំង សមត្ថកិច្ច និងមន្ត្រីជំនាញ ដូចជាមេព្រៃចុះទប់ស្កាត់ដល់កន្លែងកើតហេតុ ។
ក្នុងរឿងនេះដែរ លោកព្រំ យ៉ា មេឃុំអន្លុងជ្រៃបានឲ្យដឹងថាៈ បញ្ហារឿងនេះ លោកអត់ដឹងទេ ព្រោះលោកមេភូមិ ឈ្មោះប៉េន ម៉ៅ នេះ ធ្វើអ្វីមិនបានប្រាប់លោកឲ្យដឹងនោះឡើយ មុននឹងគេធ្វើអ្វីមួយនោះ ក្រោយមក ទើបដឹងពីពលរដ្ឋវិញ មកប្តឹងលោកថា មានគេលួចចូលកាត់ដីព្រៃ របស់រដ្ឋនៅចំណុចខាងលើ ដែលមានមេខ្លោង ប៉េន ម៉ៅ ដែលខ្លួនជាមេភូមិព្រហើនហ៊ានធ្វើបែបនេះ និង ជាន ម៉ន ជាអ្នកដឹកនាំកម្លាំងចូលកាប់ បានចូលទាំងដីពួកគាត់ទៀត ទើបលោករាយការណ៍ជូនលោកអភិបាល នៃគណៈអភិបាលស្រុកអន្តរាគមន៍ ។
លោកបញ្ជាក់ទៀតថា ដោយមានការបញ្ជាពីលោកអភិបាលស្រុក ឲ្យសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យ និងហាមឃាត់ និងកោះហៅឈ្មោះ ជាន ម៉ន ឲ្យចូលខ្លួនបំភ្លឺ នៅសាលាស្រុកជុំវិញរឿងនេះ ដែលខ្លួនហ៊ានចូលកាប់ទន្ទ្រានដីព្រៃរដ្ឋ លក់ទៅឲ្យជនជាតិចិន ហើយនិងអាចកោះហៅអ្នកពាក់ព័ន្ធបន្តទៀត ចាត់កាត់ការទៅតាមច្បាប់ ។
គួររំលឹកថា សកម្មភាពកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងដីពលរដ្ឋ ដោយមានឈ្មោះ ប៉េន ម៉ៅ ជាមេភូមិ រៃអង្គាស់លុយពលរដ្ឋ ថា ចែកដីឲ្យម្នាក់៥ហត្ថ នេះជាលេសបិទបាំង បទល្មើសដែលខ្លួនប្រព្រឹត្ត ។ ការពិតគេយកលក់ឲ្យចិន ដែលក្បាល១ពាន់ម៉ែត្រ និងជម្រៅ២៥០០ម៉ែត្រ ដែលដីព្រៃរដ្ឋក្នុងស្រុកថាឡាបរីវ៉ាត់ទាំងមូល ជិតផុតពូជ និងក្លាយទៅជាវាលរហោដ្ឋាន ដោយរង នូវការកាប់ ទន្ទ្រានឈូសឆាយជារៀងរាល់ថ្ងៃ ពីសំណាក់មេឈ្មួញ មានលុយមានអំណាច ឃុបឃិតគ្នា រីឯអ្នកក្រតូចតាច មិនហ៊ានកាប់ ខ្លាចជាប់គុក ច្រវាក់ ព្រោះអត់លុយលោះ មានគំរូច្រើនមកហើយ ស៊ីឈ្នួលគេមានទោស អ្នកបញ្ជារួចខ្លួន ព្រោះ គេមានលុយរំដោះគ្រោះកាចចង្រៃរួចខ្លួនអស់ ៕ មាស សុផាត