ព័ត៌មានទាន់ហេតុការណ៍៖

ករណីបង្ក្រាបទីតាំងផលិតគ្រឿងញៀន នៅអូរបែកក្អម សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យសមត្ថកិច្ច រកឯកសារកិច្ចសន្យាជួលផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាគ្រឿងញៀនសមត្ថកិច្ចទាំងអស់មិនត្រូវមានការសង្ស័យនោះទេ វាជាគោលការណ៍ច្បាប់ ហើយក៏ជាគោលការណ៍របស់រាជរដ្ឋាភិបាលមានជាធរមាន ។ ត្រូវតែបង្ក្រាប មិនត្រូវមានអារម្មណ៍មួយថាធ្វើទៅប៉ះអ្នកនេះ ប៉ះអ្នកនោះទ ចឹងមានតែទៅផ្ទះដេកតែម្តងទៅ ដេកស្រួលហ្មង អត់មានប៉ះអ្នកណាទេ រឿងបញ្ហាបង្ក្រាបគ្រឿងញៀននេះ ឲ្យតែធ្វើដឹងតែប៉ះហើយ បើខ្លាចប៉ះមានតែទៅដេកផ្ទះ ។

នេះគឺជាប្រសាសន៍លើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានភស្តុភារនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តទៀតថា ឡូវអ្នកដែលប៉ះហ្ និង បើគាត់មកប្តឹងសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀននោះក៏មិនត្រូវដែរ ចឹងមានតែចាប់ខ្លួន ហើយមិនមែនដែលតុលាការសួរនាំហើយ បែរជាខ្លួនថាខ្លួនមិនយល់ច្បាប់ ហើយពេលនោះតុលាការដោះលែងវិញនោះទេ អត់ចឹងទេ ។

សម្តេចក៏បានបញ្ជាដាច់ខាតផងដែរករណីបង្ក្រាបគ្រឿងញៀននេះ គឺត្រូវតែរួមគ្នាបង្កាទប់ស្កាត់ និងបង្ក្រាបឲ្យអស់នៅក្នុងឆ្នាំ២០១៩នេះ ហើយកុំខ្លាចប៉ះអ្នកនេះអ្នកនោះ និងទប់ស្កាត់កុំឲ្យមានចូលទៅចែកចាយដល់បណ្តាខេត្តផ្សេងៗទៀត ។ សម្តេចក៏បានសង្កត់ធ្ងន់ថា បើមិនចឹងទេនោះសង្គមកម្ពុជាយើង និងជាសង្គម ដែលគេហៅថាសង្គមរលួយ ។

សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងទៀតថា ប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីក្លឹបកម្សាន្តROCK កើតមាននៅអូរបែកក្អម ។ ករណីនេះគឺមានជនបរទេស យោងតាមរបាយការណ៍មកគឺជនជាតិចិនតៃវ៉ាន់ ដោយម្ចាស់ផ្ទះជួលនោះគាត់មានការសង្ស័យបានទៅប្តឹងសមត្ថកិច្ច ហើយក៏បានចូលទៅឆែកមើលតែម្តង មិនមែនជាប្រតិបតិ្តការអីទេ គឺឆែកឆេរតែម្តង ។ សមត្ថកិច្ចដកហូតបានជាង៥០គីឡូក្រាម ហើយបញ្ហាគ្រឿងញៀនហ្ និងសុទ្ធឬមិនសុទ្ធ ចាំមើលខាងអាជ្ញាធរគ្រឿងញៀនគេពិនិត្យមើលសិន ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានដាក់បញ្ជាឲ្យសមត្ថកិច្ចដំបូងត្រូវរកឯកសារពាក់ព័ន្ធ និងកិច្ចសន្យាជួលផ្ទះ ហើយឲ្យម្ចាស់ផ្ទះ និងគាត់ដាក់ពាក្យបណ្តឹង និងរកឯកសារទាំងអស់ដើម្បីប្តឹងទៅតុលាការ ដើម្បីឲ្យតុលាការចេញដីកាស្វែងរកចាប់ខ្លួនជនបរទេសនេះ ។ ពេលចេញដីកាហើយនោះ អគ្គស្នងការនគរបាលយកដីកាមក ដើម្បីផ្អែកទៅលើដីកានេះទៅស្នើសុំឲ្យប៉ូលីសអន្តរជាតិចេញសញ្ញាក្រហមស្វែងរកចាប់ខ្លួនជនបរទេសនោះ ។ ព្រោះពេលដែលគេជួលផ្ទះនោះ គេបន្សល់ទុកនូវឯកសារថតចម្លងប៉ាស្ព័រ ចឹងឲ្យម្ចាស់ផ្ទះត្រូវសហការជាមួយសមត្ថកិច្ច ។

ក្នុងនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានបញ្ជាឲ្យសមត្ថកិច្ចត្រូវតាមចាប់ខ្លួនលោកនាយផ្នែកអន្តរាគមន៍គ្រឿងញៀនម្នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀននៅមជ្ឈមណ្ឌលRockឲ្យបាន មិនត្រូវឲ្យរួចខ្លួននោះឡើយ ៕ តាឡឹម


ចែករំលែក៖