ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងស្រុកដឹកនាំកម្លាំងចុះបង្រ្កាបបទល្មើសព្រៃឈើ ក្នុងដែនសមត្ថកិច្ចខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយទទួលបទបញ្ជារបស់ប្រធានឯកភាព ខេត្តពោធិ៍សាត់ និងសម្របសម្រួល លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក អ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែង ដឹកនាំកងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះបត្តិ្របត្តិការបង្រ្កាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រជាដែនសមត្ថកិច្ចរបស់ខ្លួន ។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្លុន ឆ្នាំច ២០១៩ ក្នុងតំបន់ព្រៃភ្នំ ត្រង់ចំណុចច្រកអូរព្រាល ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក អ៊ុង រដ្ឋា អភិបាលរងស្រុកវាលវែង ដែលបានដឹកនាំកម្លាំងចុះបត្តិ្របត្តិការបានឲ្យដឹងថា ការងារខាងលើធ្វើឡើងក្រោយទទួលបទបញ្ជាលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លទ្ធផល៖ កម្លាំងធ្វើការឃាត់ចាប់យកវត្ថុតាងកំពុងប្រព្រិត្តជាក់ស្ដែង(ដឹកជញ្ជូនឈើពេញ)ចំនួន ០១គ្រឿង ។

លោក អភិបាលរងស្រុកបន្តទៀតថា វត្ថុតាងរថយន្តកែច្នៃមានផ្ទុកឈើចំរុះពិសេសឈើប្រភេទប្រណីត(ធ្នង់)ពេញ ជាបឋមប្រមាណ ៥ម៉ែត្រត្រីគុណ ក្រោមការស្រាវជ្រាវវត្ថុតាងខាងលើ ជារបស់ឈ្មួញប្រព្រឹត្តដោយឈ្មោះ រិទ្ធ ហើយវត្ថុតាង ទាំងរថយន្តកែច្នៃ មានផ្ទុកឈើ រក្សាទុកជាបណ្ដោះអាសន្ន នៅទីតាំងឈរជើងរបស់កងទ័ពជើងគោក (អភិវឌ្ឍន៍) ដែលនៅក្បែរនោះ រង់ចាំទទួលបទបញ្ជារបស់ថ្នាក់លើ ៕ ប៉ឹម ពិន


ចែករំលែក៖