ព័ត៌មានទាន់ហេតុការណ៍៖

ជិតចូលឆ្នាំថ្មី អត់អីចាក់រាំលេង ទៅគាស់ផ្ទះគេលួចយកធុងបាស់ ម្ចាស់ទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីទៅគាស់ផ្ទះគេលួចយកធុងបាស់ គ្រាន់ទុកចាក់រាំលេង បុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង៥០នាទីនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យ ឈ្មោះ ចិន ចាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ យ៉ែន ឡងឌី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអគ្គិសនី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សម្ភារបន្សល់ទុក ៖ ធុងបាស់០១ ។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោទ្វារផ្ទះត្រឹមត្រូវហើយចេញទៅធ្វើការនៅម្តុំទួលគោក ហើយមានជនសង្ស័យចំនួន៣នាក់ បាននាំគ្នាមកធ្វើសកម្មភាពគាស់ផ្ទះលួចយកធុងបាស់ប៊្លូធូពេលនោះ ប្រជាពលរដ្ឋនៅជិតខាងឃើញ ក៏នាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ខាងលើ ក្នុងចំណោមគ្នា៣នាក់ រួចយកមកប្រគាល់ឲ្យសមត្ថកិច្ចតែម្តង ។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុច កើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើ ការសាកសួរប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់តែម្តង ចំណែកបក្ខពួកជនសង្ស័យ ០២នាក់ ទៀតឈ្មោះ អាសក់វែង និងឈ្មោះ អាវីត គេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុងសីហា


ចែករំលែក៖