ព័ត៌មានទាន់ហេតុការណ៍៖

រោងការហោះទាក់ជាប់បង្គោលខ្សែភ្លើងកម្ពស់៩ម៉ែត្រដោយខ្យល់ព្យុះកន្រ្តាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ខ្យល់ព្យុះកន្រ្តាក់ ដ៏កាចសាហាវមួយ បានបោកបក់ចំរោងអាពាហ៍ពិពាហ៍របស់កូនកំលោះ កូនក្រមុំ អ្នកឃុំស្វាយស ធ្វើឲ្យរោងការដែលរាបចំនូវពិធីដ៏អាធឹកអាធម្មនោះហោះទៅទាក់ជាប់លើបង្គោលខ្សែកាបភ្លើង ដែលមាមកម្ពស់ប្រមាណ ៩ម៉ែត្របង្កការភ្ញាក់ផ្អើលឡើងអស់អ្នកភូមិ ។

ហេតុការណ៍ខ្យល់កួចរោងការខាងលើបានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទី សៀលថ្ងៃច័ន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ញ៉ាល ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិ(ខ្យល់កន្រ្តាក់) ប៉ះរោងមង្គលការនេះ កូនកលោះឈ្មោះ ហោ សារ៉ាត និងក្រមុំឈ្មោះ សៀម ធារី គូរស្វាមីភរិយាថ្មីថ្មោងនេះ រៀបចំពិធីចូលរោងដើម្បីអញ្ជើញទទួលភ្ញៀវមកពិសាអាហារ នៅថ្ងៃស្អែក ប៉ុន្តែក៏មានខ្យល់កន្រ្តាក់បោកបក់ចំ និងបានកួចរោងបែបនេះ ។

ប្រភពដដែលបន្តទៀតថា នៅមុនពេលកើតហេតុផ្ទៃមេឃមានពពកខ្មៅខ្មួលខ្មាញ់បំរុងនឹងភ្លៀង ខណៈនោះស្រាប់តែមានខ្យល់បក់មកកួចយ៉ាងសាហាវតែម្តង ប៉ុន្តែទោសបីជាយ៉ាងណាក្តីពុំមានបង្កការរងរបួសស្នាមដល់មនុស្សនោះឡើយ ហើយក៏មិនបង្កឲ្យការខកខានដំណើរការក្នុងពិធីដ៏អធឹកអធ័មនេះដែរ ៕ បុឹម ពិន


ចែករំលែក៖