អាមេរិកកំពុងតែខិតខំជំរុញឲ្យរុស្ស៊ី ដាក់គំនាបទៅលើមេដឹកនាំគីម ជុងអ៊ុន ឲ្យបោះបង់កម្មវិធីបរមាណូ នៅក្នុងជំនួបកំពូល រវាងលោក ពូទីន នឹងគីម ជុងអ៊ុន ដែលអាចនឹងធ្វើឡើងនៅចុងខែមេសាខាងមុខនេះ ។ នៅពេលនេះ អាមេរិកបានបញ្ជូនគណៈប្រតិភូទៅកាន់ រុស្ស៊ី ឲ្យបានមុនជំនួប លើកដំបូងរវាង ពូទីន នឹងគីម ជុងអ៊ុន ។
គណៈប្រតិភូអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង របស់អាមេរិកបានធ្វើដំណើរទៅកាន់ទីក្រុងមូស្កូ ដើម្បីពិភាក្សាជាមួយរុស្ស៊ី មុនជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងពូទីន នៅទីក្រុងមូស្កូ ជាលើកដំបូង ។
សារព័ត៌មាន CNN បានផ្សាយថា ប្រធានគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Stephen Biegun និងក្រុមអ្នកឯកទេសស្តីពីបញ្ហាកូរ៉េខាងជើងបានធ្វើដំណើរ ទៅកាន់ទីក្រុងមូស្កូ ក្រោយពេលមានព័ត៌មានថា លោកពូទីន នឹងជួបពិភាក្សាជាមួយ លោក គីម ជុងអ៊ុន នៅចុងខែមេសានេះ ។
តាមសារព័ត៌មាន CNN ការធ្វើដំណើរទៅកាន់រុស្ស៊ីរបស់ លោក Biegun គឺដើម្បីពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី ស្តីពីការរំសាយអាវុធបរមាណូនៅឧបទ្វីបកូរ៉េ ។ កន្លងមក ជំនួបពិភាក្សាស្តីពីការរំសាយអាវុធបរមាណូត្រូវបានជាប់គាំង ក្រោយជំនួបកំពូលលើកទីពីរ រវាងលោកត្រាំ នឹង គីម ជុង អ៊ុន នៅទីក្រុង ហាណូយ មិនមានលទ្ធផលអ្វីនោះឡើយ ។
កន្លងមករុស្ស៊ីបានគាំទ្រឲ្យអាមេរិក លុបទណ្ឌមួយចំនួនដល់កូរ៉េខាងជើង ដើម្បីផ្តល់ទំនុកចិត្ត ឲ្យកូរ៉េខាងជើង ដំណើរការរំសាយអាវុធបរមាណូ ។ ប៉ុន្តែអាមេរិក មិនយល់ព្រមនោះឡើយ ទើបធ្វើឲ្យកិច្ចពិភាក្សាទាំងឡាយ មិនទទួលបានជោគជ័យ ។
មកទល់ពេលនេះបើទោះបី ទីក្រុងមូស្កូ និង ព្យុងយ៉ាងមិនបានប្រកាសជាផ្លូវការ ពេលវេលា ជួបពិភាក្សា រវាងលោកពូទីន និងគីម ជុងអ៊ុន ប៉ុន្តែមានព័ត៌មានជាច្រើនបានផ្សាយថា ជំនួបនឹងធ្វើឡើងនៅចុងខែមេសានេះ។ ជាមួយគ្នានេះ លោកពូទីន បានឡើងគម្រោង ធ្វើដំណើរទៅកាន់តំបន់ភាគខាងកើតប្រទេស ជាប់ជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៤ ខែមេសា ហើយជំនួបអាចនឹងធ្វើឡើងនៅពេលនោះ ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធកូរ៉េខាងជើង នោះដែរ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានតាមដានដោយផ្ទាល់នៅការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ ។ តាមសារព័ត៌មាន កូរ៉េខាងជើងនៅថ្ងៃទី១៨ ខែមេសា បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន បានតាមដានដោយផ្ទាល់នៅការសាកល្បង មីស៊ីល។ លោកគីមជុងអ៊ុន បានបញ្ជាក់ថា ការអភិវឌ្ឍន៍កាំជ្រួចមីស៊ីល ខាងលើ គឺជាជំហានឆ្ពោះទៅមុខ យ៉ាងឆាប់រហ័ស ក្នុងការបង្កើតកម្លាំងសម្រាប់ធ្វើសង្គ្រាមរបស់ទាហានកូរ៉េខាងជើង។
សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា មីស៊ីលថ្មីនេះ អាចបំពាក់ក្បាលគ្រាប់ ដែលមានកម្លាំងបំផ្លាញខ្លាំង ប៉ុន្តែមិនបានបញ្ជាក់ថាប្រភេទ អាវុធអ្វីនោះឡើយ ។ ការសាកល្បងមីស៊ីលខាងលើ គឺជាសកម្មភាពថ្មីបំផុត បន្ទាប់ពីមេដឹកនាំគីម ជុងអ៊ុន នៅខែមេសាឆ្នាំ២០១៨ បានប្រកាសថា កូរ៉េខាងជើង បានផ្អាកសាកល្បង អាវុធបរមាណូ និងមីស៊ីលឆ្លងទ្វីប ។ ប៉ុន្តែក្រោយជំនួបពិភាក្សា បរាជ័យជាមួយប្រធានាធិបតីដូណាល់ ត្រាំ នៅទីក្រុងហាណូយ ធ្វើឲ្យមេដឹកនាំគីម ជុងអ៊ុន សម្រេចបន្តកម្មវិធីមីស៊ីល ។
គេមិនទាន់ដឹងនៅឡើយថា តើកាំជ្រួចមីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងពេលនេះ ជាប្រព័ន្ធមីស៊ីលដែលច្បាប់អន្តរជាតិហាមឃាត់ឬយ៉ាងណានោះទេ ។ អ្នកវិភាគកូរ៉េខាងត្បូងបានលើកឡើងថា ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងស្តីអំពីការបាញ់សាកល្បងកាំជ្រួចមីស៊ីលនោះ ទំនងជាកាំជ្រួចមីស៊ីលធម្មតាប៉ុណ្ណោះ មិនមែនជាមីស៊ីល ballistic ដែលអន្តរជាតិហាមប្រាមនោះទេ ។
មន្ត្រីសេតវិមាន បានបញ្ជាក់ថា បានដឹងអំពីការសាកល្បងមីស៊ីលកូរ៉េខាងជើងពេលនេះផងដែរ ប៉ុន្តែគ្មានអ្វីដែលត្រូវលើកឡើងជាមួយបណ្តាញសារព័ត៌មាននោះទេ ហើយមន្ទីរបង់តាហ្គូនក៏ដូចគ្នា ៕