ក្រោយជំនួបពិភាក្សា លើកទីពីរជាមួយលោក ត្រាំ ដោយមិនទទួលបានជោគជ័យ ហើយលោកត្រាំ ទៅកាន់អាមេរិកវិញ មុនពេលកំណត់ នៅពេលនោះកូរ៉េខាងជើង បានស្នើអាមេរិកលុបទណ្ឌកម្ម មួយផ្នែកដើម្បីដោះដូរ នឹងការរំសាយទីតាំងបរមាណូ តែអាមេរិកមិនព្រម ។
ក្រោយវិលទៅកាន់ប្រទេសវិញ មេដឹកនាំ គីម ជុងអ៊ុន បានចាប់ផ្តើម ឲ្យដំណើរការឡើងវិញទីតាំង សាកល្បង កាំជ្រួចមីស៊ីល ដែលជាសកម្មភាពអាចបង្កឲ្យមានភាពតានតឹងសារជាថ្មី ។ ការដំណើរការឡើងវិញ ទីតាំងសាកល្បងមីស៊ីល គ្រាន់តែជាការសង្ស័យប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី១៧ ខែមេសានេះ ការពិតបានបង្ហាញជារូបរាង ដោយកូរ៉េខាងជើង បានសាកល្បងមីស៊ីលនាំផ្លូវ ដោយជោគជ័យ ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីមេដឹកនាំគីម ជុងអ៊ុន ។
តាមពិតកូរ៉េខាងជើង មិនចង់អភិវឌ្ឍន៍កម្មវិធីអាវុធនោះឡើយ ដោយចង់ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជួយដល់ពលរដ្ឋរួចផុតពីភាពក្រីក្រ ប៉ុន្តែប្រសិនអាមេរិក មិនព្រមលុបទណ្ឌកម្ម ដើម្បីដោះដូរនឹងការរំសាយអាវុធនោះទេ ហើយបន្តដាក់គំនាប់ដោយទណ្ឌកម្មនោះ កូរ៉េខាងជើងនៅតែបន្ត កម្មវិធីបរមាណូ មីស៊ីលដដែល ។
ពេលថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានកោះប្រជុំកំពូល នៃគណៈកម្មាធិការនយោបាយ បក្សកុម្មុយនីស្តកូរ៉េខាងជើង បានរៀបចំបន្ទាន់ ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ច។ ប្រភពដដែល បញ្ជាក់ទៀតថា ក្នុងពេលប្រជុំ មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រាប់ទៅសមាជិក នៃគណៈកម្មាធិការមជ្ឈឹមបក្ស ថា ត្រូវតែប្រកាន់គោលជំហរឲ្យរឹងមាំ ដើម្បីការពារបដិវត្តន៍ ក្នុងស្ថានភាពដែលតានតឹង នាពេលបច្ចុប្បន្ន ហើយនឹងត្រូវដើរតាមមាគ៌ានយោបាយសេដ្ឋកិច្ចសង្គមនិយមថ្មី ឲ្យបានខ្ជាប់ខ្ជួន។
សូមរំលឹកថា កាលពីខែមេសាឆ្នាំទៅមិញ គីម ជុងអ៊ុន បានដាក់ចុះនូវបន្ទាត់នយោបាយថ្មី ដែលសំដៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ព្រោះថាផែនការអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរ គឺកូរ៉េខាងជើង បានដើរដល់គោលដៅហើយ។ តាមការប៉ាន់ស្មាន វាគឺជាគំរូសេដ្ឋកិច្ចដែលបើកចំហរម្តងបន្តិច តាមរយៈការធ្វើយ៉ាងណា ឲ្យអាមេរិក និងសហគមន៍អន្តរជាតិ ដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីខ្លួន។
នៅពេលនេះដែរ ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រៀមនឹងមានជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀត ដែលត្រូវជាលើកទីបី ដរាបណាតែវ៉ាស៊ីនតោនប្តូរឥរិយាបថ ឲ្យបានត្រឹមត្រូវ ចំពោះកូរ៉េខាងជើង។ នៅចំពោះមុខសភាប្រជាជនកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសព្រមរង់ចាំ ដោយទុកពេលរហូតដល់ចុងឆ្នាំ២០១៩ ឲ្យសហរដ្ឋអាមេរិកសម្រេចចិត្តដ៏ក្លាហានមួយ ហ៊ានប្តូរឥរិយាបថឲ្យទន់ភ្លន់បន្តិចជាមួយកូរ៉េខាងជើង ដើម្បីអាចឈានទៅរកការបើកជំនួបគីម-ត្រាំជាលើកទីបី។
ប្រមុខដឹកនាំរបបព្យុងយ៉ាង បានគូសបញ្ជាក់ប្រាប់សភាកូរ៉េខាងជើងទៀតថា ជំនួបនៅទីក្រុងហាណូយ បានរំលេចចេញនូវសំណួរជាច្រើនទាក់ទង នឹងអ្វីដែលកូរ៉េខាងជើងបានប្រកាន់យកនៅលើឆាកអន្តរជាតិ តាមរយៈការព្រមចូលចរចា ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងស្តីអំពីការរំសាយកម្មវិធីបាលីស្ទិក និងនុយក្លេអ៊ែរ ជាមួយអាមេរិក។
លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ បានជួបគ្នា ជាលើកទីមួយ និងជាប្រវត្តិសាស្ត្រ នៅថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៨ នៅសិង្ហបុរី និងជាលើកទីពីរ នៅថ្ងៃទី ២៧-២៨ កុម្ភៈ ឆ្នាំ២០១៩ នៅក្រុងហាណូយ តែត្រូវបរាជ័យ។ បើតាមលោក ត្រាំ គឺមកពីអាមេរិកមិនអាចទទួលយកសំណើរបស់ព្យុងយ៉ាងដែលទាមទារឲ្យដកទណ្ឌកម្មចេញពីកូរ៉េខាងជើងភ្លាម ។ បើតាមប្រមុខដឹកនាំកូរ៉េខាងជើងវិញ នៅហាណូយ លោកត្រាំ ចង់ឲ្យមានការផ្ទេរអាវុធ និងគ្រឿងចំហេះនុយក្លេអ៊ែរកូរ៉េខាងជើងទៅអាមេរិក។ ជាសំណើដែលមិនអាចធ្វើទៅកើតបានឡើយ ។
ហេតុដូច្នេះហើយបានជាកូរ៉េខាងជើងត្រូវតែប្រយ័ត្នប្រយែងខ្លាំង នៅចំពោះមុខឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការផ្សាទំនាក់ទំនងនឹងគ្នា។ នេះបើតាមសម្តីរបស់ គីម ជុងអ៊ុន ដែលចុះផ្សាយដោយភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង ជាមួយនឹងការបញ្ជាក់ទៀតថា បើអាមេរិកមានគំនិតបែបនេះ ទោះជួបគ្នាមួយរយ-មួយពាន់ដងទៀត ក៏មិនសម្រេចផលដែលចង់បានពីកូរ៉េខាងជើងឡើយ។
សូមបញ្ជាក់ថា ចម្លើយតបរបស់ព្យុងយ៉ាងប្រកបដោយលក្ខខណ្ឌនេះ ធ្វើឡើងក្រោយពីលោក ដូណាល់ ត្រាំ បានបង្ហើបចេតនាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលទទួលជួបលោក មូន ចែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅសេតវិមាន ចង់រៀបចំជំនួបជាលើកទីបី ជាមួយ គីម ជុងអ៊ុន តែមិនចង់ទាន់លើកទណ្ឌកម្មពីកូរ៉េខាងជើងភ្លាមបានឡើយ៕