ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវអ្នកជិតខាងទៅដោះសម្រាស់ ប្រទះឃើញអណ្តែតទឹក ខណៈដែលបុរសរងគ្រោះទៅឆក់ត្រី ឆក់ខ្លួនឯងស្លាប់ ពេលផឹកស្រារួចជិះទូកទៅឆក់ត្រី ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០ នាទី ចំណុចបឹងកិច្ច ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះ ០១ នាក់ឈ្មោះ អឿន ចាន់ថន ហៅ ម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ ព្រែកល្វា ឃុំ ព្រែកតាកូវ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ប្រពន្ធឈ្មោះ ម៉ាឡៃ អាយុ ២៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូន ០២ នាក់ ។
វត្ថុតាងចាប់យក ៖អាគុយចំនួន ០១ គ្រាប់ កម្លាំង ៤០ អំពែដុំឆក់ចំនួន ០១ ដងឆក់ធ្វើពីឬស្សី ចំនួន ០១
សាក្សីបានអោយដឹងថា នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២១និង០០នាទីជនរងគ្រោះបានផឹកស្រាជាមួយអ្នកជិតខាង ។ រហូតដល់វេលាម៉ោង ២និង០០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅយកឧបករណ៍ឆក់ត្រីពីក្នុងផ្ទះរបស់ខ្លួន ហើយជិះទូកតែម្នាក់ឯងឆ្ពោះទៅឆក់ត្រី នៅបឹងកិច្ច ។ ដល់វេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃដដែលឈ្មោះ ហម ថា ភេទប្រុស អាយុ៤៥ឆ្នាំ រួមនឹងឈ្មោះអយ អឿន ឈ្មោះ កាន គីម បាននាំគ្នាទៅហ៊ុំសម្រាស់ នៅបឹងកិច្ចនោះដែរ ។ ពេលទៅដល់បឹង ឃើញ អាគុយដុំឆក់ នៅលើទូក និងឃើញដងឆក់អណ្តែតក្នុងទឹក ពេលនោះឈ្មោះ ហម ថា បានទៅមើលហើយឃើញឈ្មោះ អឿន ចាន់ថន ស្លាប់នៅក្នុងទឹកដៃកាន់ដងឆក់ជាប់ ពេលនោះឈ្មោះ ហម ថា បានប្រាប់បងប្អូនរបស់ជនរងគ្រោះ ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាកូវ ហើយក្រុមគ្រួសារបានស្រង់សាកសពជនរងគ្រោះយកមកផ្ទះ ។
បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាកូវ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ពិនិត្យសាកសពដោយហ្មត់ចត់ ឃើញមានស្លាកស្នាម ស្លោកនៅម្រាមដៃឆ្វេង ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ និងបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ឆ ដា