ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងស្ទាវពីរក្រុម បានដេញវាយ កាប់ចាក់គ្នាពេញភូមិបង្កឲ្យរងរបួស និង មាននការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា បក្ខពួកក្មេងស្ទាវម្ខាងមានគ្នា២នាក់ ម្នាក់ឈ្មោះ ឌី កវិឈុញ ភេទប្រុស អាយុ២៨ ភេទប្រុស របួសធ្ងន់យកទៅពេទ្យខេត្តនិង ម្នាក់ទៀតឈ្មោះ លី ណា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល ។ ចំណែក បក្ខពួកម្ខាងទៀតមានគ្នា៣នាក់ ១.គ្រឹន បូរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ របួសស្រាល ។ ២.ឈ្មោះ គ្រឹន សិលា ភេទប្រុស អាយុ១៨ របួសស្រាល និង ៣.ឈ្មោះគ្រឹន ផាន់ធីយា ភេទប្រុស អាយុ១៩ឆ្នាំ របួសស្រាល ៣នាក់ ខាងក្រោមយកមកពេទ្យឃុំ ។ ក្រុមក្មេងស្ទាវទាំងពីរក្រុមនេះ រស់នៅក្នុងភូមិ ឃុំ កើតហេតុជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមក្មេងស្ទាវទាំងពីរក្រុមបានផឹកក្បែរគ្នា ហើយក្រុមទាំងពីរចេះតែនិយាយឌឺដងដាក់គ្នាទៅវិញទៅមក រហូតដល់ទ្រាំលែងបានក៏ផ្ទុះហិង្សាដាក់គ្នាតែម្តង ដេញវាយគ្នាផ្អើលពេញភូមិតែម្តង ។
ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅពេទ្យខេត្ត ចំណែកអ្នករងរបួសស្រាលព្យាបាលនៅមណ្ឌលសុខភាព និង បានសមត្ថកិច្ចហៅមកសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ចន្ថា