ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតឥណ្ឌូនេស៊ី មិនមាន អ្នកចាញ់ អ្នកឈ្នះ រង់ចាំលទ្ធផលផ្លូវការ

ចែករំលែក៖

បើទោះបី មានការស្ទង់មតិ និងការរាប់សន្លឹកឆ្នោតលឿង បង្ហាញឲ្យឃើញថា ប្រធានាធិបតី វីដូដូ ទទួលបានជ័យជំនៈ ប៉ុន្តែ មេបក្សប្រឆាំង ក៏បានប្រកាសថា ខ្លួនទើបជាអ្នកទទួលបានជ័យជំនៈពិតប្រាកដ ។ ចំណុចទាំងនោះហើយ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីវិបត្តិនយោបាយ និងអំពើហិង្សាអាចនឹងកើតឡើង ក្នុងពេលខាងមុខ ។

នៅពេលនេះដែរ រដ្ឋាភិបាលបានព្រមាន កុំឲ្យពលរដ្ឋធ្វើបាតុកម្មតវ៉ា ខណៈគូប្រជែងរបស់ប្រធានាធិបតី វីដូដូ លោក Subianto បានច្រានចោលលទ្ធផលបោះឆ្នោត ។ លោក Prabowo Subianto អតីតឧត្តមសេនីយ៍ ដែលជាមេដឹកនាំប្រឆាំង បានបដិសេធលទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការ ដែលទំនងជាប្រគល់ឲ្យប្រធានាធិបតីលោក ចូកូ វីដូដូ នូវអាណត្តិទី២ ជាមេដឹកនាំនៃប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទី៣ នៅលើពិភពលោក ។

គណៈកម្មការ រាប់សន្លឹកឆ្នោត ឥណ្ឌូនេស៊ីបានប្រកាសថា ប្រធានាធិបតិ Joko Widodo ទទួលបានសំឡេងគាំទ្រប្រមាណ៥០ភាគរយ ពឹងផ្អែកទៅលើលទ្ធផល ពី៨០៨ ការិយាល័យ ក្នុងចំណោម ៨សែនការិយាល័យ ។ ចំណែកមេបក្សប្រឆាំងលោក Subianto ទទួលបានការគាំទ្រប្រមាណ៤៥ភាគរយ ។

ប្រធានាធិបតី Joko Widodo បានប្រកាសថា ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៧ ខែមេសា ។ ចំណែកគូប្រជែងរបស់លោក គឺ លោក Prabowo Subianto ក៏បានប្រកាសថា ទទួលបាននៅជ័យជំនៈដូចគ្នា ហើយលោកថ្កោលទោសថា មានការក្លែងបន្លំជាច្រើននៅក្នុងការបោះឆ្នោតនោះ ។ សកម្មភាពខាងលើ បង្កក្តីបារម្ភយ៉ាងខ្លាំង ពីវិបត្តិនយោបាយ និងអំពើហិង្សាកើតឡើង នៅក្នុងប្រទេសអ៊ីស្លាមមួយនេះ ។

កាលពីថ្ងៃទី១៨ ខែមេសា លទ្ធផលក្រៅផ្លូវការមួយ បង្ហាញឲ្យឃើញថា លោក Widodo យកឈ្នះយ៉ាងឆ្ងាយ ចំពោះគូប្រជែង គឺទទួលបាន៥៥ភាគរយ សន្លឹកឆ្នោតសកល ។ បើទោះបីបែបណាក្តី លទ្ធផលផ្លូវការនឹងត្រូវបានប្រកាសនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ។ ទោះបីមិនទាន់មានលទ្ធផល បញ្ជាក់ច្បាស់លាស់ តែប្រធានាធិបតី Widodo បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា មានមេដឹកនាំជាង ២០ប្រទេសបានជូនពរ ពីជ័យជំនៈរបស់លោក ។

ប្រធានាធិបតី Widodo បានប្រកាសថា លទ្ធផលរាប់សន្លឹកឆ្នោតរហ័ស QC ជាវិធីសាស្ត្រ បច្ចេកវិទ្យា ដោយមានបទពិសោធនៅក្នុងការបោះឆ្នោតកន្លងមក ហើយកំរិតត្រឹមត្រូវ ដល់ទៅ ៩៩,៩ភាគរយ ដូចជាការរាប់សន្លឹកឆ្នោត ពិតប្រាកដ ។

ប្រធានប៉ូលិសជាតិ បាននិយាយថា ការបោះឆ្នោតដ៏រលូន និងសុវត្ថិភាព មិនត្រូវបានរំខានដោយបាតុកម្ម និងបានព្រមានអំពីការចាប់ខ្លួន ។

លោកបាននិយាយថា “ប្រសិនបើមានសកម្មភាពខុសច្បាប់ ឬខុសនឹងរដ្ឋធម្មនុញ្ញ ដែលគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខសាធារណៈនោះ ក្រុមអាជ្ញាធរ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ។ យើងនឹងមិនអត់ឱននោះទេ” ។

តាមផ្លូវនៅទីក្រុងហ្សាការតា មានភាពស្ងប់ស្ងាត់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីអ្នកបោះឆ្នោតចំនួន១៩០លាននា ក់នៅប្រទេសដែលមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើននេះ បានទៅបោះឆ្នោតដែលមានបេក្ខជនចំនួន២៤៥.០០០នាក់ ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី សមាជិកសភាថ្មីនិងសមាជិកសភាថ្មីនៅក្នុងតំបន់ ។

ខណៈពេលដែលលទ្ធផលជាផ្លូវការមិនទាន់ត្រូវបានប្រកាស រហូតដល់ខែក្រោយនោះ ក្រុមអ្នកស្ទង់មតិដែលហៅ “ការរាប់ស្លឹកឆ្នោតយ៉ាងឆាប់រហ័ស”បានបង្ហាញឲ្យឃើញ លោកJoko Widodo មានសំឡេងឆ្នោតនាំមុខពី៩ទៅ១១ ភាគរយ ។

ការរាប់ឆាប់រហ័សគឺជាសញ្ញាដែលជឿទុកចិត្តបាននៅក្នុងការបោះឆ្នោតកាលពីលើកមុនៗ ប៉ុន្តែ លោកJoko Widodo មិនបានប្រញាប់ប្រញាល់ប្រកាសជ័យជម្នះនោះទេ ខណៈដែល លោក Prabowo Subianto គូប្រជែងរបស់លោក បានអះអាងថា លោកគឺជាមេដឹកនាំបន្ទាប់របស់ប្រទេសជាប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះ ។

លោក Prabowo Subianto ដែលមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយរបបផ្តាច់ការ Suharto ដែលបានដួលរលំកាលពីឆ្នាំ១៩៩៨នោះ បានព្រមានថា លោកនឹងតវ៉ាប្រឆាំង លទ្ធផលនេះ នៅតុលាការ ប្រសិនបើលោកចាញ់ នឹងធ្វើបាតុកម្មតាមផ្លូវដើម្បី តវ៉ាប្រឆាំងចំពោះការលួចបន្លំសន្លឹកឆ្នោត ៕


ចែករំលែក៖