ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកកើតជំងឺកញ្ជ្រិលកើនឡើង៤ដង នៅលើពិភពលោក

ចែករំលែក៖

បីខែដើមឆ្នាំ២០១៩នេះ ជំងឺកញ្ជ្រិលកើតឡើង៣០០ភាគរយ នៅទូទាំងពិភពលោក ។ អង្គការសុខភាពពិភពលោក បានប្រកាសឲ្យដឹងថា បច្ចុប្បន្នមាន១៧០ប្រទេស នៅលើពិភពលោកកើតជំងឺកញ្ជ្រិល ដោយមានមនុស្សកើតជំងឺនេះ ដល់ទៅ១១២ពាន់នាក់ និងមានអ្នកស្លាប់ រាប់ពាន់នាក់ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩ ។ ដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ២០១៨ មានតែ ២៨ពាន់នាក់ប៉ុណ្ណោះ ។

ទាំងនោះហើយ បានជា អង្គការ WHO និងUNICEF ប្រកាសអាសន្នពីជំងឺកញ្ជ្រិល កើនឡើងក្លាយជាវិបត្តិ ។ «វិបត្តិ» គឺជាពាក្យដែលប្រើប្រាស់ នៅក្នុងសភាពធ្ងន់ តានតឹងបំផុត ហើយពេលនេះ អង្គការសុខភាពពិភពលោក WHO និង អង្គការ UNICEF ត្រូវប្រើប្រាស់ដល់ពាក្យ «វិបត្តិ » សកលចំពោះជំងឺកញ្ជ្រិល កំពុងតែរាលដាល ដល់ទៅជាង៣០០ភាគរយ នៅលើពិភពលោក ។ នៅក្នុងសេចក្តីប្រកាសរបស់ WHO និង អង្គការ UNICEF បញ្ជាក់ថា យើងកំពុងតែ ប្រឈមវិបត្តិ នៃជំងឺកញ្ជ្រិលទូទាំងពិភពលោក ។

តាមតួលេខរបស់ WHO បង្ហាញឲ្យឃើញថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩ មានអ្នកកើតជំងឺកញ្ជ្រិល កើនដល់៣០០ភាគរយ ទូទាំងពិភពលោក ។ តំបន់មួយចំនួន នៅទ្វីបអាហ្វ្រិក មានមនុស្សកើតជំងឺនេះកើនឡើងដល់ទៅ៧០០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។ អង្គការ WHO បានបញ្ជាក់ថា មានមនុស្សកើតជំងឺនេះ ដល់ទៅ៩០ភាគរយនៅលើពិភពលោក មិនបានផ្តល់របាយការណ៍ ។ អង្គការនេះ បានព្រមានថា ជំងឺកញ្ជ្រិលអាចនឹងលើស ពីសមត្ថភាពគ្រប់គ្រង ។

បច្ចុប្បន្នមានជំងឺកញ្ជ្រិលកើនឡើងខ្ពស់នៅក្នុងប្រទេស ដូចជា សាធារណរដ្ឋ Congo, Ethiopia, Georgia, Kazakhstan, Kyrgyzstan, Madagascar, Myanmar, Philippines, Sudan, ថៃ និងអ៊ុយក្រែន ។ ក្នុងពេលជាមួយគ្នានេះ មានប្រទេសជាច្រើនក៏បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាក់វ៉ាក់សាំងការពារ ។

នៅពេលនេះប្រទេស Madagascar មានអ្នកស្លាប់ដល់ទៅជិត១០០០នាក់ ភាគច្រើនជាកុមារ ។ ចំណែកនៅហ្វីលីពីនវិញ ក៏មានអ្នកស្លាប់ដល់ទៅជិត១៤០នាក់ និងមានអ្នកកើតជំងឺនេះជិត៨៥០០នាក់ ៕


ចែករំលែក៖