ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកកិច្ចប្រជុំមួយ ជាមួយមន្ត្រីក្រោមឱវាទ ដើម្បីបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការក្រោយពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិទើបបានបញ្ចប់ ។

មន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីស្នងការនគរបាលគ្រប់បណ្តាខេត្តរាជធានី បានអញ្ជើញចូលរួមស្តាប់ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃប្រតិបត្តិការនេះ ដែលបានប្រព្រឹត្តទៅនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍សម្តែងក្តីកោតសរសើរ ដល់កងកម្លាំងនគរបាលជាតិ ដែលបានប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ក្នុងការជួយថែរក្សា និងបម្រើសេវាជូនដល់ប្រជាពលរដ្ឋក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។ លោកអគ្គស្នងការនគរបាលជាតិ បានមានប្រ សាសន៍គូសបញ្ជាក់រំលឹកដល់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ គ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាធ្វើឲ្យពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូនជោគជ័យ និងធ្វើឲ្យពលរដ្ឋបានសប្បាយរីករាយ ។

លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បាន ថ្លែងថា «ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី, ក្នុងនាមសម្តេចក្រឡាហោមសខេង និងក្នុងនាមខ្ញុំជាអគ្គស្នងការ នគរបាលជាតិ សុំកោតសរសើរដល់គណៈបញ្ជា ការឯកភាពគ្រប់រាជធានីខេត្ត គ្រប់ខណ្ឌស្រុក និងឃុំ និងកោត សរសើរដល់កម្លាំងនគរបាលជាតិពីលើដល់ ក្រោមដែលយើងបានអនុវត្ត និងប្តេជ្ញាចិត្តខ្ពស់ដើម្បីការពារសេចក្តី សុខ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋបាន ល្អប្រសើរ ។ » លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បាន ថ្លែងបន្តថា «នេះគឺជាស្នាដៃ និង គុណសម្បត្តិ ដែលយើងទាំងអស់គ្នាបានទទួល និងការកោតសរសើរពីថ្នាក់ដឹកនាំ និងសូមឲ្យស្មារតីទទួល ខុសត្រូវ នេះ នឹងអនុវត្តបន្តទៀតនៅឆ្នាំក្រោយ និងឆ្នាំបន្តទៅមុខទៀត ។ »

យោងតាមរបាយការណ៍វាយតម្លៃរបស់អគ្គស្នងការដ្ឋាននគរបាលជាតិរវាងពីថ្ងៃទី១៤ដល់១៦មេសាឆ្នាំ២០១៩ សភាពការណ៍ព្រំដែន, សភាពការណ៍សន្តិសុខមានលក្ខណៈស្ងប់ស្ងាត់ល្អប្រសើរបើទោះបីជាមានគ្រោះថ្នាក់ សង្គមកើតឡើងខ្លះពាក់ព័ន្ធនឹងកត្តាចរាចរណ៍ដែលបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត៣៨នាក់ក្នុងពេលបុណ្យចូលឆ្នាំខ្មែរទាំង៣ថ្ងៃនេះក៏ដោយ ។

លោក អគ្គស្នងការនគរបាលជាតិ បានថ្លែងបញ្ជាក់ចុងក្រោយថាក្នុងនាមអគ្គស្នងការនគរបាលជាតិ សូមថ្លែងកោតសរសើរ និងផ្តាំផ្ញើ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ គ្រប់ផែន និងជំនាញនៅទូទាំងប្រ ទេស ដែលបានលះបង់ពេលវេលា និងមនោសញ្ចេតនាក្រុមគ្រួសារ ដោយបានធ្វើពលិកម្ម និងរួមចំណែកជាមួយ នឹងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចការពារសុវត្ថិភាព និងសន្តិសុខនៅក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណី ជាតិ ។

លោកនាយឧត្តមសេនីយ៍បានមានប្រសាសន៍បន្ថែមទៀតថា ចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀត នោះ គឺស្ថិរភាព សន្តិភាព និងសន្តិសុខ ដែលទទួលបានក្នុងការរៀបចំកិច្ចការងារ និងការការពារនេះបានល្អ គឺ ដោយសារមានការចូលរួមកិច្ចសហការពីសំណាក់ប្រជាពលរដ្ឋផងដែរ ៕ តាឡឹម


ចែករំលែក៖