ព័ត៌មានទាន់ហេតុការណ៍៖

នយោបាយម៉ាលី ធ្លាក់ក្នុងភាពចលាចល ក្រោយនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីលាលែងពីតំណែង

ចែករំលែក៖

សារព័ត៌មាន Aljazeera បានផ្សាយថា នាយករដ្ឋមន្ត្រីម៉ាលី លោក Soumeylou Boubeye Maiga និងគណៈរដ្ឋមន្ត្រីទាំងអស់ ប្រកាសលាលែងពីតំណែង កាលពីថ្ងៃទី១៨ ខែមេសា គឺក្រោយពេលមួយខែ ដែលក្រុមទាហាន កុលសម្ព័ន្ធ បានសម្លាប់មនុស្ស ១៦០នាក់នៅតំបន់ Fulani ។

ប្រធានាធិបតី Ibrahim Boubacar Keita បានយល់ព្រម ទទួលលិខិតលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល ។ ខុទ្ទកាល័យប្រធានាធិបតីម៉ាលី បានចេញសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតី បានទទួលយកការលាលែងរបស់នាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាលក្រោមឱវាទទាំងនោះហើយ ។

ហេតុផលនៃការលាលែងរបស់លោកនាយករដ្ឋមន្ត្រី Soumeylou Boubeye Maiga មិនត្រូវបានលាតត្រដាងនោះទេ ប៉ុន្តែកាលពីថ្ងៃទី១៧ ខែមេសា ក្រុមអ្នកតំណាងរាស្ត្របានពិភាក្សាឈានដល់ដកទំនុកចិត្តទៅលើរដ្ឋាភិបាល ដោយសារតែករណីសម្លាប់រង្គាល និងបរាជ័យទប់ស្កាត់ក្រុមឧទ្ទាម និងការប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអិស្លាមជ្រុលនិយម ។

កាលពីខែមីនា ឆ្នាំ២០១៩ មនុស្សយ៉ាងតិច២៣នាក់បានស្លាប់ ដោយសារតែ ពួកវាយប្រហារមកពីតំបន់សហគមន៍ Dogon បានធ្វើសកម្មភាពវាយប្រហារទៅលើភូមិ Ogossagou ដែលជាភូមិមួយ ស្ថិតនៅភាគកណ្តាលប្រទេស ម៉ាលី ហើយមានប្រជាជនសហគមន៍ Fulani រស់នៅភាគច្រើនបណ្តាលឲ្យស្លាប់មនុស្សយ៉ាងរង្គាល ។ ព្រឹត្តិការណ៍មួយនេះ ត្រូវបានចាត់ទុកថា ជាអំពើហិង្សាដ៏អាក្រក់បំផុត មិនធ្លាប់មាននៅក្នុងប្រទេសម៉ាលី ។

នៅមុនព្រឹត្តិការណ៍នេះផងដែរ ក៏មានហេតុការណ៍វាយប្រហារដោយក្រុមជ្រុលនិយមជីហាដ ទៅលើបន្ទាយទាហានមួយកន្លែង សម្លាប់ទាហានយ៉ាងតិច២៣នាក់ស្ថិតនៅតំបន់ភាគកណ្តាលម៉ាលី ៕


ចែករំលែក៖