ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនក្រុមចោរឆក់ម្នាក់ នៅខណ្ឌទួលគោកក្រោយឆក់កាបូបជនជាតិបារាំងម្នាក់សម្រេច នៅខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាក្រុមចោរធ្វើសកម្មភាពឆក់កាបូប ជនជាតិបារាំងម្នាក់ ពេលចុះពីលើរថយន្ដ ដើរសំដៅចូលផ្ទះសំណាក់ នៅខណ្ឌ៧មករា ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួនបាន នៅខណ្ឌទួលគោកនាំយកមកសាកសួរដើម្បីបន្តតាមចាប់បក្ខពួកបន្ថែម ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងកាលពីរសៀលថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវ R6 សង្កាត់បឹងកក់ ខណ្ឌទួលគោកក្រោយរូបគេ និងបក្ខពួកផ្សេងទៀត ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវនេះ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនជាតិបារាំងម្នាក់ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះសំណាក់គីម ទីតាំងផ្ទះលេខ៣១Eo ផ្លូវលេខ១២៥ ភូមិ១១សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ម៉ឺន ចំរើនរិទ្ធី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ LAURENT LIEGER ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិបារាំង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖