ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែល រថយន្តសាំងយ៉ុងដឹកបន្លែពេញមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន ស្រាប់តែបែកកង់ រេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើង បង្កឲ្យភ្ញាក់ផ្អើលឡើងដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រៃសំភ័ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមមន្រ្ដីនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា រថយន្ត ដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនោះ ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6872 បើកបរដោយយុវជនម្នាក់ឈ្មោះ ថន សុខខេង ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដដឹកបន្លែខាងលើ បានបើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ។ លុះពេលរថយន្ដបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតខុសផ្លូវ ក្រឡាប់ផ្ងារជើង ចាក់បន្លែចោលពេញថ្នល់ បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ និងអ្នកភូមិ ។
ប្រភពបន្តថា គ្រោះថ្នាក់ខាងលើនេះ គឺទំនងជាអ្នកបើកបរ ដឹកបន្លែលើសទម្ងន់ ដោយសារមានដឹកលើដំបូល និងតមកខាងក្រោយ ដាក់បន្លែក្នុងកេសក្រដាសពេញ ដោយមានផ្លែឈើជាច្រើនមុខផងដែរ ៕ យឹម សុថាន