ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់ជនរងគ្រោះ២នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូយកទៅលក់ចូលលេងល្បែងនៅក្រុងបាវិត ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៧ព្រឹក ថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ង្វៀង វាំងញ៉ឹង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី៧ សង្កាត់១២ ក្រុងហូជីមិញ ។

ចំណែកជនរងគ្រោះ២នាក់ ម្ចាស់ម៉ូតូដែលបានដាក់ពាក្យបណ្ដឹងមានឈ្មោះ សុខ យ៉ាវ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង (ម្ចាស់ម៉ូតូម៉ាកស៊ីរ៉ូស) និងឈ្មោះ ង្វៀង វាំងនី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកហាងចិន មានទីលំនៅភូមិឡុងហាយ ឃុំធឿងតី ស្រុកវ៉ាថាន់ ខេត្តតៃនិញ ប្រទេសវៀតណាម (ម្ចាស់ម៉ូតូម៉ាក YAMAHA LUVIAS រកឃើញវិញ នៅចំណុចខាងមុខការដ្ឋានសំណង់ខាងជើងផ្លូវជាតិលេខ១) ។

តាមម្ចាស់ម៉ូតូបានប្រាប់សមត្ថកិច្ចថា លុះនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មិត្តភក្តិ បានឃើញជនសង្ស័យ ដែលបានលួចម៉ូតូ កាលពីយប់មិញ កំពុងអង្គុយលេងល្បែង នៅក្នុងកាស៊ីណូ វីននីស ទើបរាយការណ៍មកគាត់ជាម្ចាស់ម៉ូតូ និងបាននាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមទាំងវត្ថុតាង ដើម្បីបំពេញសំណុំរឿង បញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្ត តាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖