បច្ចុប្បន្នអាចនិយាយបានថា មានតែរុស្ស៊ី និងចិនប៉ុណ្ណោះទើបអាចរារាំង អាមេរិកឈ្លានពានបំផ្លាញប្រទេស ដែលមិនដើរតាន អាមេរិក នៅតំបន់មជ្ឈឹមបូព៌ា ។ នៅពេលនេះដែររុស្ស៊ីកំពុងតែលូកដៃចូលកិច្ចការដោះស្រាយបញ្ហាបរមាណូនៅកូរ៉េខាងជើង ផងដែរ ។
នៅពេលនេះ រដ្ឋាភិបាលរុស្ស៊ី នឹងធ្វើគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីជំរុញការរំលាយនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នឹងជួបគ្នាលើកដំបូងនាសប្ដាហ៍ក្រោយ ។ កាលពីថ្ងៃសុក្រ លោក Peskovនិយាយថា មេដឹកនាំទាំងពីរ នឹងពិភាក្សាពីបញ្ហាចម្បងៗ ជាច្រើន ក្នុងនោះរួមបញ្ចូលការអភិវឌ្ឍចំណងមិត្ដភាពទ្វេភាគី និងការរំលាយនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េផងដែរ ។
តាមប្រភពស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ី និងស្ថានីយរថភ្លើងរដ្ឋបានប្រាប់ឲ្យដឹងថា លោកKim និងធ្វើដំណើរទៅទីក្រុង Vladivostok របស់រុស្ស៊ី តាមរថភ្លើងនៅថ្ងៃពុធ សប្ដាហ៍ក្រោយ ។ ប្រភពដដែលបន្ថែមថា លោក Kim និងជួបលោក Putin នៅសាកលវិទ្យាល័យមួយនៅទីនោះនាថ្ងៃបន្ទាប់ ។ ថ្មីៗនេះ រុស្ស៊ីមានគោលបំណងបង្កើនឥទ្ធិពលរបស់ខ្លួនជុំវិញការរំលាយនុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពីកិច្ចចរចាលើកទីពីររវាងអាមេរិក និងកូរ៉េខាងជើង កាលពីខែកុម្ភៈ បិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ។
ពាក់ព័ន្ធស្ថានភាពនៅកូរ៉េខាងជើងនោះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo បញ្ចេញមតិក្រោយត្រូវកូរ៉េខាងជើងរិះគន់ ឲ្យប្តូរចេញ ។ លោក Mike Pompeo បានបញ្ជាក់ថា លោក នឹងបន្តដឹកនាំគណៈប្រតិភូពិភាក្សាជាមួយកូរ៉េខាងជើងដដែល ស្តីពីការរំសាយអាវុធបរមាណូ ។ ការលើកឡើងខាងលើរបស់លោក Pompeo ក្រោយពេលដែល កូរ៉េខាងជើង ថ្កោលទោសថា លោក Pompeo មិនមានប្រសិទ្ធភាពនៅក្នុងកិច្ចពិភាក្សា ដោយស្នើឲ្យរកអ្នកផ្សេងជំនួសវិញ ។
កូរ៉េខាងជើង បានលើកឡើងថា លោក Mike Pompeo មិនយល់ពីកូរ៉េខាងជើង និងអ្វីដែលកូរ៉េខាងជើង ចង់បាន ។ ដូច្នេះអាមេរិកគួរតែរកអ្នកថ្មីក្នុងការដឹកនាំពិភាក្សាប្រកបដោយប្រសិទ្ធភាពជាងនេះ ។
នៅពេលនេះ លោក Mike Pompeo បានលើកឡើងថា « យើងបន្តសកម្មភាពពិភាក្សា ហើយខ្ញុំជាអ្នកទទួលខុសត្រូវ ក្រុមពិភាក្សា ។ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ នឹងត្រូវ ទទួលខុសត្រូវរួម ។ ឧបការី Stephen Biegun នឹងបន្តដឹកនាំគណៈប្រតិភូពិភាក្សា ដើម្បីឈានដល់ ការសន្យារបស់មេដឹកនាំ គីម ជុង អ៊ុន ស្តីពីការរំសាយអាវុធបរមាណូ ដែលបានប្រកាសនៅក្នុងជំនួបកាលពីថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី » ។
ជាមួយគ្នានេះ មេដឹកនាំគីម ជុងអ៊ុន បានប្រកាសទៅកាន់កិច្ចប្រជុំសភា ថា លោក នឹងបើកចិត្តទូលាយហើយបន្តពិភាក្សាជាលើកទី៣ ជាមួយប្រធានាធិបីអាមេរិក ប្រសិនបើអាមេរិក មានសកម្មភាពត្រឹមត្រូវ ។ នៅពេលនេះ យើងនឹងរងចាំដល់ចុងឆ្នាំ ដើម្បីឲ្យអាមេរិកសម្រេច និងធានាដល់កិច្ចពិភាក្សាលើកទី៣ប្រកបដោយប្រសិទ្ធភាព ៕