ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ ឃាត់ចាប់ខ្លួនបុរសម្នាក់រួចដាក់ខ្នោះដៃ បន្ទាប់ពីទទួលបណ្ដឹងថា ជនសង្ស័យរូបនេះ បានខ្ចីម៉ូតូមិត្តភ័ក្ដិ ទៅទិញបារីជក់ ក៏បាត់ស្រមោលឈឹង ។
ហេតុការណ៍ខាងលើបានធ្វើឡើង នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពោធិ៍កុដិ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលចុះបត្តិ្របត្តិការបង្ហើបបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ហួន មាន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយការឃាត់ខ្លួនសង្ស័យរូបនេះ ក្រោយទទួលបណ្ដឹងរបស់ឈ្មោះ ម៉ាត់ យូ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិទួលទទឹង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ក្នុងពាក្យបណ្ដឹងបញ្ជាក់ថា នៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ ជនសង្ស័យឈ្មោះ ហួន មាន បានខ្ចីម៉ូតូរបស់ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W 2698 ដើម្បីទៅទិញបារីជក់មួយភ្លែត ក៏បាត់រហូត លុះព្រឹកឡើងខ្លួន(ម៉ាត់ យូ)ទៅដល់ផ្ទះជនសង្ស័យ(ហួន មាន) អត់ឃើញម៉ូតូ ក៏សួររក ប៉ុន្តែជនសង្ស័យប្រាប់កុំភ័យចាំអាញ់យកទៅឲ្យ ដោយនិយាយមិនពិតកុហកបោកប្រាសច្រើន ទើបសម្រេចដាក់ពាក្យបណ្ដឹងទៅសមត្តកិច្ច ។
ប្រភពបន្តទៀតថា ជនសង្ស័យឈ្មោះ ហួន មាន បានបញ្ជូនទៅបន្តនីតិវិធីតាមបញ្ជាលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ជនសង្ស័យឈ្មោះ ហួន មាន បានឆ្លើយសាភាពចំពោះមុខសមត្ថកិច្ចថា ម៉ូតូនោះខ្លួនបានជិះទៅផ្ទះមិត្តភ័ក្តិនៅម្ដុំវត្តចាស់ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ មិត្តភ័ក្ដិនោះខ្ចីជិះបន្តថាទៅទិញបារីជក់ ក៏បាត់រហូត ៕ បុឹម ពិន