ការវាយប្រហារគ្រាប់បែករហូតដល់៨លើក បានកើតឡើងនៅប្រទេសស្រីលង្កាកាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ បណ្តាលឲ្យស្លាប់មនុស្សរហូតដល់២០៧នាក់ និង៤៥០នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល ។
ប្រភពព័ត៌មានពីកងកម្លាំងប៉ូលិសស្រីលង្កាបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន FRANCE 24 ថា ជនរងគ្រោះបាត់បង់ជីវិតបានកើនដល់២០៧នាក់ និង៤៥០នាក់ផ្សេងទៀតរងរបួស ។
ប្រភពបញ្ជាក់ថា កាលពីព្រឹកម៉ោង៨និង២៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារផ្កាយ៥យ៉ាងតិច៣កន្លែង និងនៅតាមព្រះវិហារ៣កន្លែង បានរងនូវការវាយប្រហារគ្រាប់បែកចំនួន៨គ្រាប់កើតឡើងដំណាលៗគ្នា ដែលករណីបែបនេះ មិនធ្លាប់កើតមាននោះទេ បណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះ ដេកដួល ស្លាប់ និងរបួសរដូករណែល ឈាមដាប់ពាស់ពេញដីតែម្តង ។ ការវាយប្រហារនេះ ចំពេលដែលពលរដ្ឋទាំងនោះ ជាពិសេសអ្នកកាន់សាសនាគ្រឹស្ទ នាំគ្នាប្រារព្ធពិធីបុណ្យផងដែរ ។
គោលបំណងនៃការវាយប្រហារនេះ និងក្រុមដៃដល់ មិនទាន់ត្រូវបានបង្ហាញមុខនោះទេ ។ ប៉ូលិសស្រីលង្កាមិនទាន់បញ្ជាក់ថា បានចាប់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយទេ ៕