ខេត្តសៀមរាប៖ សមត្ថកិច្ចនគបាលប៉ុសិ៍្តបានធ្វើសេចក្ដីរាយការណ៍នៅរសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ២០១៩នេះថា បានឃាត់ខ្លួនចោរស្ទើរភ្លើងម្នាក់ ធ្លាប់លួចម៉ូតូគេបានសម្រេច បាត់១ខែ ពេលត្រឡប់មកផ្ទះវិញនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានវៃខ្នោះតែម្ដង ។
សមត្ថកិច្ចរំលឹកថា ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ សៀប ស៊ឹម ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិ ភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ពីករណីបាត់ម៉ូតូសេរីឆ្នាំ២០០១ បិទតែម ឆ្នាំ២០០២ ពណ៌ខ្មៅ គ្មានស្លាកលេខ មិនចាំលេខតួ+លេខម៉ាស៊ីន នៅច្រកខាងត្បូងចូលផ្សារក្រឡាញ់ (ម្ចាស់ទុកម៉ូតូចោលមិនបានដកសោ) កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១៩ ។
ក្រោយមកសមត្ថកិច្ចបានបើកការស៊ើបអង្កេត និងស្រាវជ្រាវបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ នឹង សូត អាយុ២៦ឆ្នាំ ទីកន្លែងកំណើតភូមិ កញ្ជាន់ជ្រៅ ឃុំរោងគោ ស្រុកក្រឡាញ់ ទីលំនៅបច្ចុប្បន្នភូមិក្តុល ឃុំតាអាន ស្រុកក្រឡាញ់ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លូន រហូតមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះសមត្ថកិច្ចបានប្រទះឃើញមុខសញ្ញាបានមកលេងផ្ទះនៅភូមិក្តុល ឃុំតាអាន ពេលនោះបានឃាត់់ខ្លួនយកមកសួរនាំ ត្រូវបានជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តបទល្មើសលួចម៉ូតូពិតប្រាកដមែន ។
រហូតមកដល់ថ្ងៃទី២០ ខែ មេសាឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តដើម្បីចាត់វិធានការតាម ច្បាប់ ៕ ប៊ុនរិទ្ធី