ខេត្តកណ្ដាល៖ យុវជនម្នាក់ ត្រូវយុវជនមួយក្រុម មានគ្នា៥នាក់ មកព្រួតវាយដល់ក្នុងផ្ទះ បណ្ដាលឲ្យទទួលរងរបួសយ៉ាងដំណំ ខណៈកំពុងដេក ក្រោយពីយុវជនរងគ្រោះខាងលើ ស្រវឹងស្រាមានទំនាស់ពាក្យសម្ដីជាមួយក្រុមយុវជនសង្ស័យ ។ ករណីហិង្សាដោយចេតនាខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២៣យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាញ់ ចាន់សី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជរ័ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (មានស្នាមមុត ត្រង់ក្បាល១កន្លែង,ត្រង់គួយដៃ១កន្លែង) ។ ចំណែកជនសង្ស័យមានគ្នា៥នាក់ ម្នាក់ឈ្មោះ ហោ វឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) និង៤នាក់ទៀតពុំស្គាល់អត្ដសញ្ញាណ(រត់គេចខ្លួន) ។ ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានដំបងឫស្សីងាប់១ដើម ទំហ៊ុំប៉ុនកដៃក្មេងប្រវែង ៣,៧១ម៉ែត្រ។
ប្រភពដដែលបន្ដថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៩ ជនរងគ្រោះបានទៅចូលរួមក្នងពិធីមង្គលការគេនៅក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ។ ខណៈនោះ ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយក៏មានទំនាស់ពាក្យសម្ដីជាមួយជនសង្ស័យខាងលើ បន្ទាប់ពីមានទំនាស់ពាក្យសម្ដីជាមួយជនសង្ស័យរួច ជនរងគ្រោះក៏វិលត្រលប់មកផ្ទះវិញដេក ។ លុះមកដល់ម៉ោង២៣យប់ ខែឆ្នាំដដែល ស្រាប់តែឈ្មោះ ហោ វឿន ជនសង្សយ័បាននាំបក្ខពួកមកសរុបមានគ្នា៥នាក់ បានយកដំបងឫស្សីមកព្រួវាយជនរងគ្រោះដល់ក្នុងផ្ទះ ខណៈកំពុងដេក បណ្ដាលឲ្យជនរងគ្រោះទទួលរងរបូសរបួសស្នាមយ៉ាងដំណំ រីឯក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួន ក្រោយពីធ្វើសកម្មភាព ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅមន្នីពេទ្យបង្អែកស្រុកគៀនស្វាយ ដើម្បីព្យាបាល ។
ក្រោយពីកម្លាំង នគរបាលស្រុកស្អាងទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះ ក៏ធ្វើការចុះមកកន្លែងកើតហេតុ រួចកសាងសំណុំរឿង ដើម្បីស៊ើបអង្កេត ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ យកមកចាត់ការតាមច្បាប់ ៕ ស្អាងជ័យ