ព័ត៌មានទាន់ហេតុការណ៍៖

ហ្វូងដំរីព្រៃក្នុងខេត្តមណ្ឌលគិរី បានបង្ហាញខ្លួនម្ដងទៀតក្បែរភូមិអ្នកស្រុកបន្ទាប់ពីបាត់មួយរយៈ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ហ្វូងដំរីព្រៃជាច្រើនក្បាល នៅក្នុងខេត្តមណ្ឌលគិរី ដែលតែងបង្ហាញខ្លួននៅក្បែរភូមិអ្នកស្រុកកែវសីមា តាំងពីអំឡុង ពាក់កណ្ដាលខែមីនានោះ បន្ទាប់ពីពួកវាបានត្រឡប់ទៅក្នុងព្រៃជ្រៅវិញប្រហែល១សប្ដាហ៍ បានចេញមកបង្ហាញខ្លួនជាថ្មី ទៀត នៅបរិវេណខាងក្រោយសាលាស្រុកកែវសីមា និងនៅចំណុចស្រះទឹកក្នុងសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ មាន ចម្ងាយប្រហែល៣០០ម៉ែត្រប៉ុណ្ណោះពីដងផ្លូវជាតិលេច៧៦ ក្នុងភូមិអូរអាម ឃុំស្រេខ្ទុម។

អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលបន្ទុកដែនជម្រកសត្វព្រៃកែវសីមា លោក ឌិន ប៊ុនធឿន បានឱ្យដឹង ថា ការបង្ហាញវត្តមានជាថ្មីរបស់ហ្វូងដំរីព្រៃទាំងនោះ គឺតាំងពីថ្ងៃ២០ ខែមេសា ហើយរហូតមកដល់ព្រឹកថ្ងៃទី២២ ខែមេសានេះ ពួកវាកំពុងស្ថិតនៅចំណុចដដែល។ ជាទូទៅ ដំរីព្រៃទាំងនោះ តែងចេញមកចំណុចនេះរៀងរាល់ឆ្នាំ ក្នុង អំឡុងរដូវនេះ ព្រោះទីតាំងខាងក្រោយសាលាស្រុកកែវសីមា និងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ ជាជម្រក ចាស់របស់ពួកវា។

លោកបានបន្តថា វត្តមានរបស់ហ្វូងសត្វដំរី ដែលមានចំនួន៧ក្បាលនេះ មិនបង្កឲ្យមានផលប៉ះពាល់ដល់ប្រជា ពលរដ្ឋនោះទេ គិតរហូតមកដល់ពេលនេះ ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីបរិស្ថានក្នុងតំបន់ បានឃ្លាំមើលការបំលាស់ទី របស់ ពួកវាជាប្រចាំ ដើម្បីបង្ការហានីភ័យផ្សេងៗ ដែលអាចកើតឡើងពីសកម្មភាពរបស់ពួកវាមកលើអ្នកស្រុក។ ហ្វូងដំរី បាន ចេញពីព្រៃជ្រៅមកក្បែរភូមិអ្នកស្រុក គឺមករកទឹកផឹក និងចំណី។

លោកអនុប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា មួយរយៈនេះ សម្រាប់ខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់ជោគជាំ ជា រឿងដ៏ប្រសើរមួយ ព្រោះថាក្នុងព្រៃ នៅតែមានប្រភពទឹកដើម្បីឲ្យសត្វព្រៃផឹក ហើយករណីនេះ មន្ត្រីបរិស្ថាន និងមន្ត្រីអង្គ ការ WCS ក្នុងតបន់ ក៏បានត្រៀមដឹកទឹកទៅចាក់ក្នុងថ្លុក ឬត្រពាំងក្នុងព្រៃ ឲ្យមានទឹកជាប្រចាំដែរ ប្រសិនបើប្រភពទឹក ទាំងនោះ ត្រូវរីងហួត។ នៅរដូវប្រាំងបែបនេះដែរ មន្ត្រីជំនាញ ក៏នឹងបង្កើនការល្បាតព្រៃ និងចាំឃ្លាំមើលយ៉ាងយកចិត្តទុក ដាក់ផងដែរ ព្រោះព្រានព្រៃ តែងចេញប្រមាញ់ក្នុងរដូវនេះ ហើយការបរបាញ់សត្វព្រៃពីសំណាក់ជនល្មើស គឺធ្វើឡើងនៅតំ បន់មានប្រភពទឹក ដែលសត្វព្រៃអាស្រ័យប្រចាំថ្ងៃនោះ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងដែរថា បច្ចុប្បន្ន ចំនួនសត្វដំរីព្រៃ នៅខេត្ត មណ្ឌលគិរី មានចន្លោះពី៣៧០ក្បាល ទៅ៥០០ក្បាល គឺមានការកើនឡើង ហើយដំរីព្រៃនៅខេត្តមណ្ឌលគិរី មានតែមួយ ប្រភេទប៉ុណ្ណោះ គឺដំរីអាស៊ី។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលទៅមើល ឬថតរូបហ្វូងដំរីទាំងនោះ សូមកុំបង្កការំខានដល់ពួកវា ដែលអាចមានគ្រោះថ្នាក់នានា ព្រោះចរិតដំរីព្រៃ បើមនុស្សមិនរំខានវាទេ វាក៏មិនធ្វើអីដល់មនុស្សដែរ៕ ហេង សូរិយា


ចែករំលែក៖