ខេត្តកណ្ដាល៖ យុវជនម្នាក់ សង្ស័យតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយ បានសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់ក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលឡើងវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកល្វាឯមបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ស៊ី ឌីណា ហៅវ៉ា ភេទប្រុសអាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ស្រ្ដីជាម្ដាយជនរងគ្រោះបានឲ្យដឹងថា យុវជនរងគ្រោះជាកូនគាត់ មានជំងឺរ៉ាំរ៉ៃប្រចាំកាយអស់រយះពេល៤ទៅ៥ ខែមកហើយ ដោយសារធ្លាប់ឆក់ចរន្ដអគ្គិសនី ។ លុះមកដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែលប្រមាណជាង១៤ ឈ្មោះ ណា ដែលជាអ្នកជិតខាង បានមកជនរងគ្រោះ ដើម្បីឲ្យជួយដោះសម្លេងទូរស័ព្ទ តែពុំឃើញជនរងគ្រោះ ខណៈនោះដែរដោយមានការសង្ស័យ ក៏ទៅមើលក្នុងបន្ទប់ទឹក ក៏ស្រាប់តែឃើញជនរងគ្រោះបានចងក. ក៏ស្រែឆោឡោហៅប្រជាពលរដ្ឋជិតខាងឲ្យជួយស្រាយចំណងតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីសមត្ថកិច្ចនគរបាលជំនាញស្រុកទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៨បានចុះមកកន្លែងកើតហេតុ រួចពិនិត្យ និងកោសល្យវិច្ច័យសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតប្រាកដមែន ។ បន្ទាប់ពីពិនិត្យចប់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ