ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM)ចំនួន ២,២៨៧នាក់ នារី ១,១៩៤នាក់ ដែលក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។
តាមរបាយការណ៍របស់ ឯកឧត្តម ហង់ ជូនណារ៉ុន រដ្ឋាមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអោយដឹងថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាសាកលវិទ្យាល័យរបស់រដ្ឋ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជាយ៉ាងសកម្ម។
ចាប់តាំងពីថ្ងៃបង្កើតឡើងនៅឆ្នាំ១៩៨៣ មកដល់ឆ្នាំសិក្សា ២០១៧-២០១៨ និស្សិតដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិគ្រប់គ្រង មានចំនួនសរុប ៤៩,៩១៥នាក់ នារី ២១,៧២០នាក់។ ក្នុងនោះនិស្សិតអាហារូបករណ៍ចំនួន ៦,៤៤៧នាក់ នារី ២,៤០៣នាក់ និងនិស្សិតសិក្សាបង់ថ្លៃចំនួន ៤៣,៤៦៨នាក់ នារី ១៩,៣១៧នាក់។ បច្ចុប្បន្នអតីតនិស្សិតទាំងនោះបាននិងកំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងស្ថាប័នអន្តរជាតិ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។
សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយក្រៃលែង ដែលបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងបានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ ជាមួយគ្នាននេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានខិតខំយកចិត្តទុកដាក់បណ្តុះបណ្តាលនិស្សិតតាំងពីចំនួនតិចតួចរហូតដល់មាននិស្សិតសិក្សារាប់ម៉ឺននាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទនភាព ចំពោះការរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ដែលបច្ចប្បន្ននេះមានការរីកដុះដាលយ៉ាងច្រើនដោយមានការវិនិយោគទាំងផ្នែករដ្ឋ និងទាំងផ្នែកឯកជន ដែលបាននឹងកំពុងចូលរួមចំណែកដល់ការរីកលូតលាស់នៃវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ ការពារសុវត្តិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងកន្លងទៅថ្មីៗនេះ ដែលបានធ្វើអោយបងប្អូនប្រជាពលរដ្ឋយើងទទួលបាននូវភាពសប្បាយរីករាយគ្រប់ទីកន្លែង។ សម្តេចតេជោបានកត់សំគាល់ឃើញថា ឆ្នាំនេះបងប្អូនប្រជាពលរដ្ឋយើងបានសប្បាយរីករាយខ្លាំងគ្រប់ទីកន្លែង ដោយសារយើងមានសង្ក្រាន្តតាមខេត្តនីមួយៗ ដែលបានបង្ហាញអោយឃើញអំពីប្រពៃណីទំនៀមទំលាប់ដ៏ល្អផូផង់របស់ខ្មែរយើង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ភាពសប្បាយរីករាយទាំងអស់នេះគឺកើតមានឡើងដោយសារកក្តាសំខាន់ៗ៤គឺ ១)កត្តាសុខសន្តិភាពក្នុងផ្ទៃប្រទេស , ២) កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្រប់ទីកន្លែង ដែលធ្វើអោយពលរដ្ឋបានដើរលេកម្សាន្តគ្រប់ទីកន្លែង, ៣) កត្តាប្រជាជនមានមធ្យោបាយធ្វើដំណើរគ្រប់ៗគ្នា និង៤)កត្តាប្រាក់ចំណូលសមរម្យ ដែលផ្តល់ឱកាសអោយពលរដ្ឋមានឱកាសធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស។
សម្តេចតេជោ បានអរគុណចំពោះសាលាក្រុងភ្នំពេញផងដែរដែលបានដាក់រថយន្តក្រុងចំនួន១២០ និងបានថែម៣០គ្រឿងទៀតដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករក្នុងអំឡុងពេលបុណ្យចូលឆ្នាំ បានជិះទៅលេងស្រុកកំណើតដោយយមិនគិតថ្លៃ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោបានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមថែរក្សាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះ។
នៅក្នុងពេលថ្លែងសុន្ទរកថាទៅកាន់និស្សិតជ័យលាភីព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសចំពោះអំពើភេរវកម្មដែលបានសម្លាប់ពលរដ្ឋសេរីលង្កាអស់ចំនួន ៣០០ នាក់ នឹងបានធ្វើអោយរបួសជាង ៥០០ នាក់កាលពីពេលថ្មីៗនេះ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ដើម្បីអោយកម្ពុជាមានឱកាសក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងបរិយាកាសសប្បាយរីករាយ និងស្និទស្នាលក្រៃលែង៕