ព័ត៌មានទាន់ហេតុការណ៍៖

ចាប់វៀតណាម​២នាក់ និងខ្មែរម្នាក់ឃុំខ្លួន រីឯជនជាតិព្នង៧នាក់ទៀត ធ្វើកិច្ចសន្យាអប់រំហើយដោះលែង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ឆ្លៀតឱកាសដែលមន្ត្រីបរិស្ថាន ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចធ្វេសប្រហែសបន្តិចបន្តួច ក្នុងឱកាសបុណ្យចូលឆ្នាំ ជនខិលខូច​ដែលជាជនជាតិគ្រោល (ឬព្នង) ៨នាក់ ឃុបឃិតជាមួយជនជាតិវៀតណាម២នាក់​បានលបលួច​ធ្វើសកម្មភាពប្រមូលផល និងអនុផលព្រៃឈើ​នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ។ ពួកគេត្រូវបានកម្លាំងមន្ទីរបរិស្ថាន សហការជាមួយនគរបាលខេត្តចាប់បាន ទាំង១០នាក់ កំពុងធ្វើសកម្មភាពនៅភូមិសាស្ត្រ ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី​កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។

លោក ហាន សាខន នាយកដែនជម្រកសត្វព្រៃភ្នំព្រិចឲ្យដឹងថា ដោយសារកម្លាំងរបស់ដែនជម្រកមានចំនួនតិច ពួកជនខិលខូច​តែង​តែ​លួចធ្វើសកម្មភាព ជាងនេះទៅទៀត ក្រុមជនជាតិភាគតិច ដែលមានលំនៅឋាននៅក្នុងតំបន់​តែងតែលួចធ្វើសកម្មភាព​ខុសច្បាប់​ជាច្រើន ។ នៅពេលដែល​មានការឆកល្វែង ឬថ្លោះធ្លោយបន្តិចបន្តួច​ ពួកគេតែងតែឆ្លៀតធ្វើសកម្មភាព ដូចជាកាប់ ឬលួចអារឈើ​ជាដើម ។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែ​មេសា កម្លាំង​របស់ដែនជម្រក សហការជាមួយ​កម្លាំងនៃមន្ទីរបរិស្ថាន និងនគរបាលខេត្ត​ បានចាប់​ជនជាតិវៀតណាម២នាក់, ខ្មែរ​ម្នាក់(អ្នកបកប្រែ) និងជនជាតិភាគតិច​៧នាក់ ដោយប្រមូលឈើ​អារ​រួចជិត១០០កំណាត់ ។

លោកបានឲ្យដឹងថា បុរសជនជាតិវៀតណាមនោះមានឈ្មោះ ង្វៀង ង៉ុកចូវ អាយុ៦០ឆ្នាំ និងថាត់ យូ អាយុ៤២ឆ្នាំ ។ ពួកគេ​បានធ្វើសកម្មភាព​តាមរយៈជនជាតិភាគតិច​នៅក្នុងសហគមន៍តំបន់ភ្នំព្រិច ។ លោកនាយកដែនជម្រកបានអះអាងថា បងប្អូនជនជាតិភាគតិចយើងមួយចំនួន​មិនយល់អំពីបញ្ហាច្បាប់ទម្លាប់ ហើយតែងតែ​បង្ក​ឲ្យមានបញ្ហា​លើការងារបរិស្ថាន ។ យ៉ាងណាក៏ដោយជនជាតិភាគតិច ដែលចូលរួមក្នុងការកាប់ឈើនោះ ត្រូវបានធ្វើកិច្ចសន្យា និងដោះលែង​ឲ្យត្រឡប់​ទៅលំនៅឋានវិញ​ហើយ ។

លោក កែវ សុភក្តិ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីអះអាងថា យើងតែងតែខិតខំប្រឹងប្រែង​បំពេញការងារ ប៉ុន្តែវាពិតជាមានចំណុចឆកល្វែង ។ តែយ៉ាងណា យើងនឹងបន្តខិតខំ​ ។ លោកថា ជនជាប់សង្ស័យទាំង១០នាក់ ក្នុងនោះមានជនជាតិវៀតណាម២នាក់ និងអ្នកបកប្រែជាជនជាតិខ្មែរម្នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ រីឯ​ជនជាតិក្រោល៧នាក់ទៀត​ត្រូវបានធ្វើកិច្ចសន្យាមិនឲ្យប្រព្រឹត្តបទល្មើសបន្តទៅទៀត ហើយបានដោះលែងឲ្យត្រឡប់​ទៅលំនៅឋានវិញហើយ ។

លោកប្រធានមន្ទីរអះអាងទៀតថា បើសិនគ្មានកម្លាំងជួយ​ពីស្នងការនគរបាលខេត្តទេ កម្លាំងរបស់យើងនឹងជួបបញ្ហា ពោលគឺក្រុមជនជាតិភាគតិច (ក្រោល) ប្រុងនឹងផ្ទុះហិង្សា​ដើម្បីរំដោះយក​ជនសង្ស័យទាំង១០នាក់នោះទៅវិញ ។ វាជាការលំបាក​ខ្លាំងណាស់​សម្រាប់យើង នេះជាការអះអាងរបស់លោក កែវ សុភក្តិ ។ យ៉ាងណាក៏ដោយ ទាំងប្រធានមន្ទីរបរិស្ថាន និងនាយកដែនជម្រក​សត្វព្រៃភ្នំព្រិច អះអាងថា នឹងបន្តខិតខំបំពេញការងារ​មិនឲ្យ​ក្រសួងបរិស្ថាន​ ក៏ដូចជារាជរដ្ឋាភិបាល​បាក់ទំនុកចិត្តនោះឡើយ ៕ ហេង សូរិយា


ចែករំលែក៖