ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានអំពាវនាវដល់ពលរដ្ឋស្លូតត្រង់កុំចាញ់បោកមេខ្យល់ខិលខូច និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពខុសច្បាប់លើករណីឈូលឆាយ កាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋលេខាធិការនិងមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ថ្លែងប្រាប់ឲ្យដឹងថា ខណៈទីផ្សារដីធ្លីនៅកម្ពុជាមានតម្លៃខ្ពស់ ក្រុមមេខ្យល់ជាជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋជាខែលដើម្បីរំលោភបំពានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋ ដែលស្ថិតនៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ដើម្បីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងពេលខ្លះក្រុមជនខិលខូចបានប្រើប្រាស់ប្រជាពលរដ្ឋស្លូតត្រង់ឱ្យបំពានចូលកាន់កាប់ដីធ្លីដែលមានកម្មសិទ្ធិត្រឹមត្រូវដើម្បីយកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះបានលើកឡើងថា ក្រុមជនខិលខូចបាននិងកំពុងអនុវត្តទ្រឹស្តី «ឈ្នះបានដី ចាញ់បានលុយ»។ ពួកគេបានភូតកុហកបោកប្រាស់ពលរដ្ឋស្លូតត្រង់ដោយយកដីរដ្ឋ ឬដីដែលមានកម្មសិទ្ធិមកធ្វើជារបស់ខ្លួននិងលក់ក្នុងតម្លៃថោកៗឱ្យពលរដ្ឋ។ ពេលខ្លះពួកគេបានញុះញង់ពលរដ្ឋឱ្យសាងសង់ខ្ទមតូចៗ និងដាំដំណាំផ្សេងៗលើដីរបស់គេដែលមានកម្មសិទ្ធិដើម្បីតវ៉ាថាខ្លួនបានតាំងទីលំនៅជាយូរមកហើយ និងប្រសិនបើចង់ឱ្យរុះរើចេញត្រូវមានសំណង ឬផ្តល់ចំណែកដីណាមួយដល់ខ្លួនជាដើម។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ សូមកុំចាញ់បោកមេខ្យល់ខិលខូច និងសូមកុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ដែលនាំឱ្យមានការ ប្រឈមចំពោះមុខច្បាប់ ព្រោះគ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូរបានឡើយ។ លោករដ្ឋលេខាធិការបានរំឮកបងប្អូនប្រជាពលរដ្ឋថា មុននឹងទិញលក់ដី ត្រូវប្រយ័ត្នប្រយែងក្រែងប៉ះចំដីរដ្ឋ ឬដីដែលមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនាំឱ្យបងប្អូនបាត់បង់ផលប្រយោជន៍។ លោកបានគូសបញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតែធ្វើការស៊ើបអង្កេតវែកមុខរកមេខ្យល់ទាំងអស់ និងចង់ចងសំណុំរឿងបញ្ជូនទៅតុលាការ ក៏ដូចជាការពិនិត្យនិងដកហូតមកវិញនូវដីរដ្ឋដែលទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ពីក្រុមជនខិលខូច។ លោកបានលើកឡើងថា កន្លងទៅនេះ អាជ្ញាធររបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការច្បាប់ប្រឆាំងនឹងបទល្មើសនេះ នៃការរុករានទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារ ហើយមេក្លោងមួយចំនួនដែលនៅពីក្រោយបទល្មើសនេះត្រូវបានចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីជំនុំជម្រះក្តីតាមច្បាប់បណ្តើរៗហើយ។
ជាថ្មីម្តងទៀត ក្រសួងបរិស្ថានបានប្រកាសឱ្យជនខិលខូចត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ជាអាទិ៍ការឈូលឆាយ ការកាប់ឆ្ការ ដុត រុករានទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម ឬរោង ការដាំដំណាំ ឬការអាស្រ័យផលលើដីរបស់រដ្ឋ។ ជាមួយគ្នានេះអាជ្ញាធរក៏បានប្រកាសឱ្យឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់។ ជនដែលនៅតែរំលោភបំពាន នឹងត្រូវប្រឈមមុខច្បាប់ជាកំហិតយោងតាមច្បាប់ស្តីពីការការពារតំបន់ធម្មជាតិ ច្បាប់ព្រៃឈើ និងច្បាប់ភូមិបាល។ ខាងក្រោមនេះគឺជាសេចក្តីជូនដំណឹង របស់ក្រសួងបរិស្ថានស្តីពីការហាមឃាត់ការឈូលឆាយ ការកាប់ឆ្ការ ដុត រុករានទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម ឬរោង ការដាំដំណាំ ឬការអាស្រ័យផលលើដីរបស់រដ្ឋ
ដែលមានតម្លៃជាធរមាន៕

ដោយ៖ សហការី


ចែករំលែក៖