ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី អ៊ុងសាន ស៊ូជី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី២៩-៣០ ខែមេសា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសប្រទេសមីយ៉ាន់ម៉ា(ប្រទេសភូមា) នឹង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៩។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកស្រី អ៊ុង សានស៊ូជី មកកាន់ ប្រទេសកម្ពុជា ចាប់តាំងពីលោកស្រី ឡើងកាន់តំណែងកំពូលរបស់ប្រទេស មីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១៦ ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថៃ្ងអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន បានលើក ឡើងពីកម្មវិធីដ៏មមាញឹករបស់សម្តេចដែល នៅថ្ងៃទី២៥មេសាសម្តេចនឹងដឹកនាំ គណៈប្រតិភូ ទៅចូលរួមវេទិកាផ្លូវមួយខ្សែក្រវាត់មួយ លើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយក្នុងវេទិកានោះ ក៏មានការអញ្ជើញចូលរួមពីលោកស្រីអ៊ុង សាន ស៊ូជី មេដឹកនាំប្រទេសមីយ៉ាន់ម៉ារួមទាំងមេដឹកនាំជាច្រើនផ្សេងទៀត។ នៅថ្ងៃទី២៩ មេសា សម្តេច និងលោកស្រី អ៊ុង សានស៊ូជី ត្រូវហោះត្រង់ ពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយលោកស្រី អ៊ុង សាន ស៊ូជី នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥ លោកស្រី អ៊ុងសានស៊ូជី ជាកូនរបស់វីរ បុរសភូមា លោក អ៊ុងសាន។ លោកស្រីជាអតីតប្រធានគណបក្សប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ាបានក្លាយជាទីប្រឹក្សារដ្ឋ ដែលជាមេដឹកនាំកំពូលរបស់ប្រទេសមីយ៉ាន់ម៉ាកាល ពីឆ្នាំ២០១៦បន្ទាប់ពីគណបក្សរបស់លោក ស្រីឈ្នះការបោះឆ្នោត ។

លោកស្រី អ៊ុង សានស៊ូជី ត្រូវបានរបប សឹកភូមា ចាប់ឃុំឃាំងក្នុងផ្ទះចាប់ពីឆ្នាំ ១៩៨៩ រហូតដល់ខែវិច្ឆិកាឆ្នាំ២០១០។នៅឆ្នាំ១៩៩១ លោកស្រី ស៊ូជី ទទួលបាន ពានរង្វាន់ ណូបែលសន្តិភាព។

អំឡុងពេលរៀននៅប្រទេសអង់គ្លេសនាឆ្នាំ១៩៧២ លោកស្រី អ៊ុង សានស៊ូជី បានរៀបការជាមួយបុរសជនជាតិអង់គ្លេសនិងមានកូនពីរនាក់។ដោយសារតែលោកស្រីមានប្តីជាជនបរទេសទើបច្បាប់របស់ប្រទេស មីយ៉ាន់ម៉ាបានកំណត់មិនឲ្យលោក ស្រីធ្វើជាប្រធានាធិបតីដែលជាតំណែង កំពូលនោះទេ។ដូច្នេះហើយបានជាគេ​បង្កើតតួនាទីមួយសម្រាប់លោកស្រី គឺទី ប្រឹក្សារដ្ឋ។ តំណែងនេះប្រៀបដូចជាមេដឹក នាំកំពូលរបស់ប្រទេសមីយ៉ាន់ម៉ា៕ ហេង នរិន្ទ្រ


ចែករំលែក៖