ខេត្តឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្មេងទំនើង២ក្រុម ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ក្រោយពីបានទាស់ពាក្យសម្តីគ្នា ហើយបានកាន់កាំបិត និងកាំភ្លើងកែច្នៃ (កាំភ្លើងខ្យល់) គំរាមវាយគ្នាទៅវិញទៅមក តែពុំទាន់បានធ្វើសកម្មភាពបង្កឲ្យមានរបួសស្នាមដល់ភាគីណាមួយឡើយ បានកើតឡើងត្រង់ចំណុច ភូមិទំនប់ថ្មី ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្រោយពីសមត្ថកិច្ច បានទទួលព័ត៌មានភ្លាមៗ កម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទ ចុះដកហូត កាំបិត និង កាំភ្លើងខ្យល់ និងឃាត់ខ្លួនក្មេងទំនើងទាំង ០២ក្រុម យកមកអប់រំ ធ្វើកិច្ចសន្យា ពន្យល់អំពីផ្លូវច្បាប់ ៖ ១.ឈ្មោះ កង រ៉ូត ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិទំនប់ថ្មី ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ភាគីម្ខាងទៀត ១. ឈ្មោះ កេន បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិជាមួយគ្នា ២. ឈ្មោះ ម៉ៅ ព្រីន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិជាមួយគ្នា។
ក្រោយពីសមត្ថកិច្ច បានអប់រំរួច កម្លាំងជំនាញបានណែនាំបន្ថែម ឲ្យផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្សេងទៀត កុំឲ្យរក្សាទុកអាវុធកែច្នៃខុសច្បាប់គ្រប់ប្រភេទ ព្រោះជាអំពើល្មើសច្បាប់ ហើយក៏ បានដោះលែងឲ្យត្រឡប់ទៅលំនៅឋានវិញ ៕