ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ តៃកុងរថយន្ត​លោកស្នងការខេត្តកំពង់ធំ មានអំណាចធំធេង

ចែករំលែក៖

គេរាយការណ៍ថា លោក ប៉ាង សុធារិទ្ធ ហៅតួ ជាអ្នកបើករថយន្តឲ្យលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលមិនមានក្របខ័ណ្ឌជាមន្ត្រីនគរបាល មានអំណាចធំជាង​អាជ្ញាធរមានសមត្ថកិច្ចដទៃ ក្នុងការ​បង្ក្រាប​បទល្មើស ដើម្បីផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ក្រៅពីនោះ គឺលោក ក៏ជាអ្នកកាងរថយន្តដឹកជ្រូកមកពីប្រទេសថៃ, មាន់, គោ… ។ មន្ត្រីជំនាញ​ដែលមានបំណងបង្ក្រាប​បទល្មើ​សដូចជា​ជ្រូក, មាន់, ទា សុទ្ធតែត្រូវឆ្លងការអនុញ្ញាត​ពីលោក ប៉ាង សុធារិទ្ធ ហៅ តួ នេះទាំងអស់ ។ អ្វីដែលញាំងឲ្យលោក ប៉ាង សុធារិទ្ធ កាន់តែមានអំណាចខ្លាំង គឺឥទ្ធិពលជាអ្នកបើករថយន្ត​ជូនលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដូច្នេះ សូម្បីតែមន្ត្រីនគរបាលជំនាញ ក៏ញញើតនឹងលោក ប៉ាង សុធារិទ្ធ ដែរ ។

ថ្មីៗនេះ​មានករណីចាប់ឈើ​ហើយយកទៅដាក់នៅផ្ទះលោកស្នងការ ដែលករណីនេះ ញាំងឲ្យមានការរំជើបរំជួល​យ៉ាងខ្លាំង​នៅក្នុងចំណោម​មន្ត្រីនគរបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ។ ប៉ុន្តែលោកប៉ាង សុធារិទ្ធ អះអាងថា ឈើនោះត្រូវយកទៅធ្វើផ្ទះលោកស្នងការ ។ ឈ្មួញ​រកស៊ីឈើ ដែលត្រូវឆ្លងកាត់ខេត្តកំពង់ធំ ដូចជាចេញពីខេត្តសៀមរាប ឬខេត្តព្រះវិហារ ត្រូវតែឆ្លងការយល់ព្រមពីលោក ប៉ា សុធារិទ្ធ ជាមុនសិន ។ ពួកឈ្មួញរកស៊ីឈើនៅខេត្តព្រះវិហារ ក៏ដូចជាខេត្តសៀមរាប ដែលត្រូវដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ សុទ្ធតែត្រូវការ​ទាក់ទង​លោកប៉ាង សុធារិទ្ធ ជាមុនសិន មុនចេញដំណើរ ។ បើមិនដូច្នោះទេ នឹងត្រូវលោកប៉ាង សុធារិទ្ធ បញ្ជាឲ្យសមត្ថកិច្ចចាប់ឈើ​យកខ្ទេចខ្ទីមិនខានឡើយ ។ រឿងបែបនេះធ្លាប់កើតមានហើយ ។

ក្រុមន្ត្រីជំនាញ​ផ្នែកសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ​មិនត្រូវបានអនុញ្ញាតឲ្យចេញធ្វើការងារ​ដើម្បីបង្ក្រាបបទល្មើស​នោះឡើយ ។ មានតែលោកប៉ាង សុធារិទ្ធ ហៅ តួ ដែលជាអ្នកបើកបររថយន្តឲ្យលោកស្នងការនគរបាលខេត្តកំពង់ធំប៉ុណ្ណោះ ដែលមាន​អំណាច​ក្នុងការបង្ក្រាប និងបញ្ជា​ ។ អ្វីដែលពិសេស គឺលោកប៉ាង សុធារិទ្ធ ត្រូវគេរាយការណ៍ថា គ្រាន់តែជាជនស៊ីវិល ដែល​មានភារកិច្ច​ជា​អ្នកបើកបររថយន្តជូនលោកស្នងការនគរបាលខេត្តកំពង់ធំតែប៉ុណ្ណោះ ។ រឿងរ៉ាវអំណាចធំជាងមេឃ របស់លោក តួធ្វើឲ្យមន្ត្រីនគរបាល​មានសមត្ថកិច្ចនានា​(នគរបាលសេដ្ឋកិច្ច)​ នៅក្នុងខេត្តកំពង់ធំ​មានប្រតិកម្ម ហើយ​អាចនឹងផ្ទុះរឿង ប្រសិនបើលោកស្នងការនៅតែ​បណ្តែតបណ្តោយ​ឲ្យជនក្រៅអំណាច ក្រៅច្បាប់ ធ្វើអ្វីៗស្រេចតែនឹងចិត្តតទៅទៀតនោះ ៕


ចែករំលែក៖