ភ្នំពេញ ៖ ក្មេងស្ទាវពីរក្រុមមានគ្នាជាច្រើននាក់ បានចូលទៅផឹកស៊ីរាំរែកក្នុងក្លឹបកម្សាន្ត ហ្ស៊ូក ហើយបានប៉ះសម្ដីគ្នាបង្កជាហិស្សាវាយតប់គ្នាទៅវិញទៅមក រួចភាគីម្ខាងរត់បាត់ និងភាគីម្ខាងទៀតរត់ទៅប្តឹងនគរបាលចរាចរនៅប្រចាំការស្ពានអាកាសផ្សារហុយថា ករណីវាយប្លន់យកម៉ូតូ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ក៏ដូចកម្លាំងអវុធហត្ថខណ្ឌសែនសុខចុះមកដល់អន្តរាគមន៍ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្លឹបកម្សាន្ត ហ្ស៊ូក តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅមុខក្លឹប កន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជាង៨នាក់ជិះម៉ូតូ៤ទៅ៥គ្រឿង ចូលមកផឹកស៊ីនៅក្លឹបកើតហេតុខាងលើ លុះមកដល់ម៉ោងកើតហេតុស្រាប់តែក្រុមក្មេងស្ទាវមានគ្នាប្រមាណជាង៨នាក់នេះរត់ចេញមកក្រៅ ហើយបានស្រែកថា ហែងស្គាល់ក្មេងកំពង់ស្ពឺដែរអត់ ? ដោយមិនដឹងមានរឿងអីនោះទេ ស្រាប់តែមួយសន្ធុះក្រោយមក ក៏ក្មេងស្ទាវមួយក្រុមមានគ្នាជាច្រើននាក់បានចេញមកក្រៅដែរ ក៏ដេញវាយគ្នាទៅវិញទៅមក បន្ទាប់មកខាងភាគីម្ខាងបានរត់គេចខ្លួនអស់នៅសល់ភាគីម្ខាងទៀតរត់ទៅប្តឹងនគរបាលចរាចរណ៍ដែរ ប្រចាំការនៅក្រោមស្ពានអាកាសផ្សារដីហុយ ថាមានករណីវាយប្លន់យកម៉ូតូ មួយគ្រឿងម៉ាកស៊ុយស៊ូគីលេត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-894 ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានក៏ដូចកម្លាំងអវុធហត្ថខណ្ឌសែនសុខចុះមកអន្តរាគមន៍ និងសួនាំភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ក្មេងស្ទាវចំនួន៤នាក់ក្នុងចំណោមបក្សពួក៨នាក់រួម និងម៉ូតូពីរគ្រឿងដែលបានចោទថាករណីវាយប្លន់យកម៉ូតូយកមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី និងបានឃាត់ទុកមួយយប់ដើម្បីទំនាក់ទំនងទៅអណាធ្យាបាលយកឯកសារមកផ្ទៀងផ្ទាត់ជាមួយម៉ូតូ និងធានារួចឲ្យត្រឡប់ទៅផ្ទះវិញ៕ ភារ៉ា ដង្កោ