ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះនៅចំណុចផ្ទះគ្មានលេខ នៅខណ្ឌមានជ័យរថយន្តពន្លត់អគ្គិភ័យ ០២គ្រឿង ចេញអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះនៅចំណុចផ្ទះគ្មានលេខ ផ្លូវ ៨៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម៉ោង ១១និង៣០ថ្ងៃត្រង់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ ត្រូវរថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញជួយអន្តរាគមន៍ ។

ជនរងគ្រោះឈ្មោះ លឹង ងនហាក់ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក ប្រភេទផ្ទះថ្មប្រក់សង្ក័សី (ផ្ទាល់ដី) ទំហំ៥X២០ម៉ែត្រ ។

សម្ភារខូចខាតមាន៖ ពូកចំនួន០១ និងខោអាវមួយចំនួននៅក្នុងបន្ទប់ (មានទំហំ៤X៦ម៉ែត្រ) តែមិនបណ្តាលឲ្យរាលដាល ដល់ផ្ទះអ្នកជិតខាងទេ ។

ចំណែកមូលហេតុ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពី ឪពុករបស់ម្ចាស់ផ្ទះជាចាស់ជរា នៅផ្ទះតែ២នាក់យាយតា ខណៈដែលភ្លើងដាច់នោះ ងងឹតពេក គាត់បានយកទៀនមកអុជ បំភ្លឺ ដើម្បីចូលបន្ទប់ទឹក ខណៈនោះស្រាប់តែទៀនបានរលំទៅលើពូក ហើយក៏ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។

ក្នុងហេតុការណ៍នេះ រថយន្តរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ០២គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ ០១គ្រឿង និងបំពង់ពន្លត់អគ្គិភ័យចំនួន០៤បំពង់ ទើបភ្លើងរលត់ទៅវិញនៅម៉ោង ១២ថ្ងៃត្រង់ ៕ ជ្រោយពេជ្រ


ចែករំលែក៖