ខេត្តពោធិ៍សាត់៖ សេចក្ដីរាយការណ៍ពីអ្នកភូមិរវៀងថា រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ គេឃើញកងកម្លាំងប្រដាប់ដោយអាវុធព័ទ្ធចាប់ស្ត្រីម្នាក់ នៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ខាងលើបន្តថា ស្ត្រីរូបនេះ ឈ្មោះ ឆែម ស្រីភួង ហៅម៉ាប់ អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងនោះគេឃើញសមត្ថកិច្ចដកហូតបាននូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៤កញ្ចប់តូចស្មើនឹងទម្ងន់ចំនួន ៤,៦៦ក្រាម ថ្លឹងទាំងសម្បកថង់ និងទូរស័ព្ទដៃចំនួន ០១គ្រឿងផងដែរ ម៉ាក អាយហ្វូន ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា ពួកគាត់ឃើញសមត្តកិច្ចសហការបង្រ្កាបជនសង្ស័យរូបនេះ ដូចជីកគ្រាប់មីនតោនចេញពីភូមិរបស់ពួកគាត់អញ្ចឹងនោះដែរ ហើយស្ត្រីសង្ស័យត្រូវសមត្ថកិច្ចនាំយកទៅបន្តនីតិវិធី ប៉ុន្តែទោសជាយ៉ាងណាក្ដី ពួកគាត់នៅតែបន្តព្រួយបារម្ភ ខ្លាចមិនបានប៉ុន្មានផង ចេញមកវិញប្រកបរបរនេះ ធំធេងទ្វេដង ព្រោះកន្លងធ្លាប់លឺគេនិយាយច្រើនតែចឹង ៕ ប៉ឹម ពិន