ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងប្រដាប់អាវុធថៃបាញ់ពលរដ្ឋខ្មែរស្លាប់ម្នាក់ របួស ១នាក់ ខណៈភាពធូរលុងរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ នៃឃុំថ្មដា រាយការណ៍ថា កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ (ប្រទេសថៃ) នៅចំណុចទល់មុខច្រក៥៦ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានការផ្ទុះអាវុធដោយកងកម្លាំងជនជាតិថៃ បណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរម្នាក់បានស្លាប់ និង ១នាក់ទៀតរងរបួសធ្ងន់ នៅគ្រាដែលជនរងគ្រោះទាំង ២នាក់លួចឆ្លងដែនចូលទឹកដីប្រទេសថៃកាប់ឈើគ្រញូង ។

ប្រភពសេចក្ដីរាយការណ៍ខាងលើបន្តថា ជនរងរបួសធ្ងន់ត្រូវបានគេស្គាល់ឈ្មោះ អាត វិត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងជនរងគ្រោះ(ស្លាប់) ឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា ករណីនេះជនរងរបួសសមត្ថកិច្ចប្រទេសថៃបញ្ជូនទៅសង្រ្គោះ ចំណែកជនរងគ្រោះ(ស្លាប់)ក៏នៅប្រទេសថៃនៅឡើយនោះដែរ សមត្ថកិច្ចកម្ពុជា និងថៃ កំពុងសហការធ្វើការ។

ប្រភពរាយការណ៍ដដែលបន្តទៀតថា ករណីកងកម្លាំងប្រដាប់ដោយអាវុធប្រទេសបាញ់សម្លាប់ប្រជាពលខ្មែរនេះ ពុំមែនទើបកើតមាននោះទេ សម្រាប់ឃុំ ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺកើតមានជាហូរហែ នាពេលកន្លងមក ដោយសារមេឈ្មួញរកឈើគ្រញូងបំផុសបំផុល ខណៈមានការរួមចំណែកឃុបឃិតពីសំណាក់សមត្ថកិច្ចព្រំដែនតែម្ដង ករណីនេះពួកគាត់សំណូមពរទៅថ្នាក់បើកការសើបអង្កេតសុីជម្រៅ ទើបប្រជាពលរដ្ឋកាត់បន្ថយការរងគ្រោះ ៕ បុឹម ពិន


ចែករំលែក៖