ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្តីជំនាញ កាំកុងត្រូលដុត កម្ទេចចោល ប្រហិត២តោន នាំពីប្រទេសថៃចូលមកកម្ពុជា ដឹកជញ្ជូនមិនត្រឹមត្រូវ តាមបច្ចេកទេស ជាផលិតផលគ្មានសុវត្ថិភាព

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រហិតនាំពីប្រទេសថៃចូលមកកម្ពុជាចំនួន២តោត ដឹកផ្ទុកតាមរថយន្តសាំងយ៉ុង១គ្រឿង មិនត្រឹមត្រូវតាមបច្ចេកទេស ការដឹកជញ្ជូន មិនអនុឡោមតាមគោលការណ៍ច្បាប់ សុវត្ថិភាពផលិតផលម្ហូបអាហារ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយ និងមន្រ្តីជំនាញកាំកុងត្រូលធ្វើពិធីដុតកម្ទេចចោល ដើម្បីបញ្ចៀសផលប៉ះពាល់គ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋ ។

រថយន្តដឹកផ្ទុកប្រហិតនោះត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យបង្រ្កាបកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈដែលរថយន្តសាំងយ៉ុងដឹកផ្ទុក ប្រហិត១គ្រឿងធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៥ បម្រុងឆ្ពោះទៅរាជធានីភ្នំពេញ ។

ការបង្រ្កាប ក្រោមការដឹកនាំកម្លាំងផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវីធីតាមគោលការណ៍ច្បាប់ ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យលោក មាស ច័ន្ទពិសិដ្ឋ ។

​លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឲ្យដឹងថាការបង្រ្កាបផលិតផលប្រហិតសមត្ថកិច្ចត្រួតពិនិត្យរថយន្តនោះបានដឹកផ្ទុកប្រហិតចេញពីច្រកព្រំដែនក្នុងភូមិសាស្រ្តឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ការបង្រ្កាបនោះជាវិធានការ ដើម្បីរឹតបន្តឹងការពារទប់ស្កាត់ និងរក្សាសុវតត្ថិភាពនៃការនាំចូលផលិតផលម្ហូបអាហារពីប្រទេសជិតខាងចូលមកកម្ពុជា ។ ប្រហិតប្រមាណ២តោននោះគឺមានការដឹកផ្ទុកខុសបច្ចេក ទេសនៃការដឹកជញ្ជូនវាប្រឈម និងខូចគុណភាព ។ ចំណែកការនាំចូលប្រហិតសមត្ថកិច្ចពិនិត្យខុសគោលការណ៍ច្បាប់ ។ ឈ្មួញបានយកលិខិតយោគយល់អនុរបស់ជនពិការនៅក្រុងប៉ោយប៉ែតអនុញ្ញាតឲ្យនាំចូលប្រហិតយកមកប្រកបមុខរបរចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។ ប៉ុន្តែលិខិតនោះត្រូវបានឈ្មួញយកមកប្រើប្រាស់ក្រោមស្លាកជនពិការយកធ្វើជីវកម្មដឹកជញ្ជូនជាលក្ខណៈពាណិជ្ជកម្ម ។

​ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យលោក សាន វិជ្ជាសារ៉ាវុធ ប្រាប់ឲ្យដឹងថាតាមការត្រួតពិនិត្យជាក់ស្តែងពីទៅលើប្រហិតខាងលើគឺជាប្រភេទប្រហិតដែលមានការវិច ខ្ចប់ត្រឹមត្រូវតាមស្តង់ដាមានការលបរិច្ឆេទមិនទាន់ហួសកំណត់ប៉ុន្តែការនាំចូលនោះវាខុស និងការដឹកជញ្ជូនមិនត្រឹមត្រូវតាមបច្ចេកទេស ។ ជាគោលការណ៍នាំចូលប្រហិតត្រូវមានការក្លាស្សេទឹកកកនៅសីតុណ្ហភាពក្រោម៤អង្សារបើសិនជាការនាំចូលមិនសមស្របប្រហិតនោះប្រឈមខូចគុណភាព និងវាងាយកើតមានមេរោគទ្វេរដងឆាប់រហ័ស ។

​លោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យប្រាប់ទៀតក្រោមការអនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាស​ ច័ន្ទពិសិដ្ឋ ប្រហិតទាំងនោះត្រូវនាំយកទៅដុតកម្ទេចចោលចំណែកអ្នកដឹកជញ្ជូន២នាក់ត្រូវបានធ្វើកិច្ចសន្យា និងបញ្ឈប់មិនអនុញ្ញាតឲ្យនាំចូលប្រហិតដោយដឹកជញ្ជូនខុសបច្ចេកទេសសុវត្ថិភាពផលិតផលម្ហូបអាហារទៀតនោះឡើយ ៕ សំ វិច្ឆិកា


ចែករំលែក៖