ខេត្តបាត់ដំបង៖ ច្រកអន្តរជាតិ និងច្រករបៀង ជាច្រើននៅខេត្តបាត់ដំបង ត្រូវបានលំហូរចូលនូវទំនិញគេចពន្ធមានលក្ខណះ ទ្រង់ទ្រាយធំជាងពេលមុនៗ មានទាំងចំណីអាហារអាចមានជាតិពុលប៉ះពាល់សុខភាព ,ទំនិញផុតកំណត់កាលបរិច្ឆេទ ,រហូតដល់មានគេនិយាយលេងរបៀបមែនថា៖ គយភាគច្រើនប្រាប់របៀប និងជម្រុញឲ្យឈ្មួញកុំឲ្យបង់ពន្ធគ្រប់ចំនួនអី បើបង់ពន្ធគ្រប់ ពួកគាត់បានអីចាយ, មានអីទទួលទានទៅ..?
បច្ចុប្បន្នមានទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ ក៏ដូចនាំទំនិញ«ផ្សេង » ប្រកាសពន្ធ«ផ្សឹង » បន្លំពន្ធក្លាយជាវប្បធម៌ ចែករំលែកគ្នាហែកពីចំណូលពន្ធរបស់រដ្ឋ ពុករលួយជាលក្ខណះប្រព័ន្ធ តាមរយះការឃុបឃិតគ្នា រវាងឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូន ។ ក្នុងនោះមាននាំចូលតាមច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង គឺមានទំនិញគេចពន្ធហូរចូល សូម្បីលោក ឧកញ៉ា សុិន ឃីម ក្រោយពេលចូលឆ្នាំខ្មែរ មកដល់បច្ចប្បន្នក៏បាននាំចូលប្រេងគេចពន្ធជិត១០ឡាន ក្នុងនោះនាំចូលហ្គាសផងដែរ យកមកចែកចាយក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានដោយរលូន ក្រោមក្រសែភ្នែកគយ និងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ជាទូទៅប្រេងគេចពន្ធច្រើនឆ្លងពីថៃចូលទឹកដីខ្មែរចាប់ពីម៉ោង៨ទៅម៉ោង៩យប់ ទាំងផ្ទុយពីការងាររដ្ឋបាលបើក-បិទច្រក ។ ដោយឡែកច្រក(អូរអន្លក់ )វិញ មិនត្រឹមតែទំនិញបង់ពន្ធមិនគ្រប់បានឆ្លងកាត់ប៉ុណ្ណោះទេ សូម្បីតែកាកសំណល់(អេតចាយ) នាំចូលទៅថៃក្នុង១ថ្ងៃចាប់ពី៣០ឡាន ទៅ៤០ឡាន ផ្ទុកយ៉ាងតិច១ឡានចាប់ពី២៧តោន ដល់ជិត៤០តោន ដោយប្រភេទអេតចាយនេះប្រមូលក្នុងស្រុកច្រើនបំផុតត្រឹម៥% ។ ក្រៅពីនោះគឺនាំពីប្រទេសវៀតណាមសុទ្ធសាធ ជាប្រភេទសំបកកំប៉ុងគ្រីប កាកសំណល់ដែលរាជរដ្ឋាភិបាលហាមឃាត់ ហើយខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានចេញសេចក្តីប្រកាសបញ្ជាឲ្យ អស់លោក លោកស្រីជាប្រធានសាខាគយ និងរដ្ឋាករ រាជធានី-ខេត្ត, ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិ ទាំងអស់ ត្រូវទប់ស្កាត់ បង្ក្រាប ។ ផ្ទុយទៅវិញកាកសំណល់ទាំងនេះ មានតែច្រក(អូរអន្លក់) ស្ថិតនៅស្រុកកំរៀង មួយគត់ដែលពេញនិយមត្រូវបានគយ បើកទូលាយឲ្យមានការចរាចរណ៍កាកសំណល់នេះឆ្លងទៅថៃ ខណៈទីផ្សារកាកសំណល់នេះ នៅប្រទេសថៃត្រូវការដើម្បីTransit ឆ្លងកាត់ ត្រង់តាមការបញ្ជាទិញនៃប្រទេសឌូប៉ៃ ។ ដូច្នេះគ្រាន់តែកាកសំណល់ឆ្លងកាត់ច្រក(អូរអន្លក់) ១ថ្ងៃមានចាប់ពី៣០ឡាន ទៅ៤០ឡាន ហើយ១ឡានបង់ឲ្យគយ៣០០ដុល្លារ ក៏ប្រភពសេដ្ឋកិច្ចនៃអំពើពុករលួយ របស់ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង បានដោយរបៀបនេះយ៉ាងស្រួលក្នុង១ខែៗ ខណៈថ្នាក់លើក៏ដឹងបញ្ហានេះច្បាស់បំផុត ប៉ុន្តែទម្លាប់(កន្ទេលធំបន្លំដេក) ពិសេសខាងមន្ទីរបរិស្ថានខេត្តបាត់ដំបងក៏ទទួលកញ្ចប់នេះ ថ្នូនិងការមិនទប់ស្កាត់ ឬបង្ក្រាប និងទទួលព័ត៍មានច្បាស់ជាកាកសំណល់នាំមកពីប្រទេសវៀតណាមដោយខុសច្បាប់ ប៉ុន្តែអាចខ្លាចអំណាចលោក ឌី គីដែន ប្រធាននាយករដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថាន ដោយគាត់(ឌី គីដែន ) សុីជម្រៅក្នុងរឿងនេះ ខណៈអ្នកនាំកាកសំណល់ពីប្រទេសវៀតណាមចូល ជៀសមិនផុតពីបង់លុយឲ្យគាត់ ។
ទោះការងារនេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានមិនចេញច្បាប់ឲ្យនាំចេញក៏ដោយ ក៏គេបន្លំប្រើរូបភាពពីកាកសំណល់នាំពីប្រទេសវៀតណាម មកជាអេតចាយប្រមូលទិញក្នុងស្រុក ដើម្បីជាឯកសារស្របច្បាប់ពីអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុញ្ញាតឲ្យនាំចេញតាមច្រកអូរអន្លក់ ។
ពាក់ព័ន្ធបញ្ហានេះ អង្គភាព (នគរវត្ត) មិនអាចទាក់ទងបានទេពីលោក ឌី គីដែន ប្រធាននាយករដ្ឋានគ្រប់គ្រងសំណល់រឹង នៃក្រសួងបរិស្ថាន ខាងពូកែលោតឆ័ត្រឆក់យកប្រយោជន៍ពីឈ្មួញដឹកកាកសំណល់ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ដោយទូរស័ព្ទត្រូវបានបិទ ឬក្រៅតំបន់គ្មានសេវា ។ ដោយឡែក លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ក៏បិទទូរស័ព្ទដូចគ្នានៅរសៀលថ្ងៃដដែល មិនអាចទទួលបានការបកស្រាយ ។ ប៉ុន្តែកន្លងទៅតាមទូរស័ព្ទ ជាមួយអង្គភាព (នគរវត្ត) លោកមិនប្រើភាសាក្នុងនាមជាមន្ត្រីរាជការមុខងារសាធារណៈ ឬជាមន្ត្រីអនុវត្តច្បាប់នោះឡើយ គឺបញ្ចេញនូវសំឡេងក្រេវក្រោធ អាចហត់នឿយនិងការងារ ឬប៉ះទង្គិចផ្លូវចិត្តក្នុងកាលៈទេសៈណាមួយជាមួយ អ្នកសារព័ត៍មាន ទើបលោកធ្លាប់មានប្រសាសន៍ថា៖(អាអ្នកកាសែតពូកែរំខាន…មាន១ថ្ងៃមិនតិចជាង២០នាក់ខលមករកតែលុយ រួចលោកក៏បិទទូរស័ព្ទទាំងសំឡេងបែបក្តៅឆួលច្រមុះបន្សល់ទុកចំហាយខឹង) ។
បើច្រករបៀងបឹងឆ្នាំង ទោះគ្មានខាងសមត្ថកិច្ចគយ ឈជើងប្រចាំនៅទីនោះក៏ដោយ ក៏គយលោក យូ ហេង ឲ្យកូនចៅប្រមូលសេដ្ឋកិច្ចយ៉ាងណែនពេញដៃ ពីការដឹកសាច់មាន់ប្រើសារធាតុគីមី,ការនាំចូលកូនមាន់ ដោយមានចែ(ផល្លា)ជាមេឈ្មួញដឹកជញ្ជូនទំនិញប្រភេទនេះធំជាងគេតាមច្រករបៀងឆ្នាំង ។
ប្រជាជនបានត្អូញត្អែរផងដែរចំពោះច្រករបៀងបឹងឆ្នាំង បន្ទាប់ពីខាងទាហាន និងនគរបាលនៅទីនោះឲ្យពួកគាត់បង់លុយដឹកពូជដំឡូងពីថៃយកមកដាំដុស ក្នុង១ឡាន១០មុឺន ឬ១៣មុឺនរៀល ជាន់ករ ប្រជាជនហួសហេតុ ។
ចំពោះច្រក(Km13) ច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន គឺទំនិញប្រភេទភេសជ្ជៈ ទឹកក្រូច ស្រាបៀរ គ្រឿងសំណង់ ទំនិញចាប់ហួយជាដើម ការបង់ពន្ធនៅមានកម្រិត ច្រើនបំផុតបង់ពន្ធស្របច្បាប់ត្រឹមពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។ បើនៅច្រកអន្តរជាតិ (អូររំដួល ) ស្ថិតក្នុងស្រុកភ្នំព្រឹក ក្រៅពីការហូរចូលទំនិញគេចពន្ធគ្រប់ប្រភេទ ក៏មានការអនុញ្ញាតឲ្យនាំចូលប្រហិតដែលផលិតពីសត្វមាន់ សាច់ជ្រូកខូចគុណភាព ប៉ុន្តែគេប្រើរូបភាពវេចខ្ចប់ ជាប្រភេទប្រហិតស្តង់ដារគុណភាពហាក់មានការឆ្លងកាត់ពីជំនាញពិនិត្យគុណភាព ដោយមិនបង់ពន្ធ ឬបង់ពន្ធក្រៅពីប្រហិត ដោយសារគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឲ្យនាំចូលផលិតផលដែលមានដើមកំណើតពីសត្វ ហើយខាងគយក៏គ្មានសិទ្ធឲ្យបងពន្ធដែរនោះ ។
កន្លងទៅខាងអង្គភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបចាប់ជាក់ស្តែងនៅក្នុងទីរួមខេត្តកំពង់ឆ្នាំង បាន៣ឡានយីឌុប ប្រភេទឃ្លុបទូរក្លេស្សេរដែលគ្មានស្តង់ការ ការពារគុណភាពចំណីអាហារទាំងនេះ ដោយបទល្មើសជាក់ស្តែង ។ នៅក្នុងកំណត់ហេតុស្តាប់ចម្លើយដោយមន្ត្រីនគរបាលយុត្តិធម៌ ទាំងអ្នកបើកករ មេការ និងតំណាងក្រុមហ៊ុន បានបញ្ជាក់ថាខ្លួនបានដឹកមកថៃឆ្លងតាមច្រកអូររំដួល ពិតប្រាកដមែន និងយកទៅចែកចាយផ្សារទំនើប មានដូចជាផ្សារឡាក់គី ផ្សារទំនើបអុីអន ទៀតផង ។
ករណីច្រក៤០០ ស្រុកសំឡូត ពីមុនមានហូរចូល ប្រភេទរថយន្តចង្កូតស្តាំ ប្រេងគេចពន្ធ ប៉ុន្តែបច្ចុប្បន្នត្រូវបានទប់ស្កាត់ តែនៅលួចនាំចូលប្រភេទឈើប្រណិតពីថៃមកវិញ ក្នុងនោះមានឈើក្រញូងជាដើម កើតមានជារឿយៗ អាចបែកការណ៍ពេលឡានក្រឡាប់ ជួបគ្រោះថ្នាក់ចរាចរណ៍ ចចារតំលៃមិនត្រូវ ដឹកលោតឆ័ត្រនេះជាដើម ។
លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង បានចំណូលលក្ខណះប្រយោជន៍បុគ្គលនេះច្រើន បន្ទាប់ពីរកចំណូលពន្ធបំពេញតាមតម្រូវការផែនការប្រចាំខែ ប្រចាំត្រីមាស,ឆមាស និងប្រចាំឆ្នាំ ដោយសារខ្លួនគិតបែងបែកថ្នាក់លើផង ការពារតំណែងផង ឬក៏អាចស្រង់ដើមពីការទិញប៉ុស្តិមេគយខេត្តក៏អាចថាបាន ។ ក្នុង១ខែៗ លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង គាត់បានពីការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិ បំពេញតម្រូវការ បានពីក្បាលឡានក្រុមឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនឆ្លងកាត់ បានពីក្រុមគយចល័ត ដាក់ប៉ុស្តិនៅលើកំណាត់ផ្លូវជាតិលេខ៥ អូរតាគី អតីតៈជិតកន្លែងរោងម៉ាសុឺនកិនស្រូវ ហុង ឡុង និងគយចល័យ លើកំណាត់ផ្លូវជាតិលេខ១០ ជិតភ្នំសំពៅ ដោយមានអំពើឃុបឃិតហែកប្រយោជន៍ចែកគ្នាយកមកទទួលទានធ្វើមានសឹងសេដ្ឋីក្នុងតំណែង ជាក្រុមគយចល័តរបស់នាយកដ្ឋានបង្ក្រារ បង្ក្រាប បទល្មើសរត់ពន្ធ ដែលមានលោក ហង្ស សាវុធ ជាប្រធានតំបន់ ។
លោក យូ ហេង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង នឹងត្រូវឈ្មួញ ក្រុមហ៊ុនដឹកជញ្ជូនទំនិញមួយចំនួនបញ្ចេញតួលេខចំនួនទឹកប្រាក់ដែលគាត់បង្ខំឲ្យគេបង់លុយជាក្បាលឡាន ជាប្រចាំខែ ហើយពួកគាត់ខ្លះគ្មានលទ្ធភាពធ្វើដូចក្រុមហ៊ុន គាធី នាំចូលទំនិញគោ ប្រកាសពន្ធក្របីនោះ….៕ សុខ ខេមរា