ខេត្តប៉ោយប៉ែត៖ ម្ចាស់រថយន្តកាម៉ារីវ័យក្មេងបើកបរក្នុងល្បឿនលឿន បង្កគ្រោះថ្នាក់ដោយខ្លួនឯង ក្រឡាប់ផ្ងារជើងទាំងព្រលឹម របួសធ្ងន់ចំនួន២នាក់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០២៦៧-០២៦៨ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ អ្នកបើកបររថយន្តឈ្មោះ រ៉ិន ស៊ីណាត ភេទប្រុស អាយុ១៩ ឆ្នាំ។
ចំពោះរួមដំណើរឈ្មោះសាម បាន ភេទប្រុស អាយុ១៨ ឆ្នាំអ្នកទាំងពីរស់នៅភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ អ្នកបើកបរថយន្តម៉ាកកាមរី ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខ 2G.3482 បានធ្វើដំណើរពីទិសខាងលិច ទៅទិសខាងកើត ដោយបើកក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅខាងស្តាំដៃ ធ្លាក់កង់ហួសចិញ្ចើមផ្លូវ ស្របពេលនោះអ្នកបើកបរបានប្រឹងបួងយកចង្កូតមកឡើងលើផ្លូវវិញ ក៏ក្រឡាប់លើទ្រូងផ្លូវ ធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើរ របួសធ្ងន់ ទាំង២នាក់ ត្រូវបានកម្លាំងជំនាញ ហៅ រថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ ដឹកទៅសង្គ្រោះ ។
ចំពោះរថយន្តបានស្ទូចយកទៅរក្សាទុកនៅកន្លែងអធិការដ្ឋាន នគរបាល ស្រុក ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរបានរិះគន់ថា មកពីអ្នកបើកបរ មានវ័យក្មេង ឈាមរាវព្រហើនក្នុងការបើកបរល្បឿនលឿន នេះសំណាងល្អហើយ ដែលគ្មានរថយន្ត ឬម៉ូតូធ្វើដំណើរ ប្រសិនជាមានវិញ មិនដឹងជាមានអ្នករងគ្រោះថ្នាក់ប៉ុន្មាននាក់នោះឡើយ ៕ វណ្ណាប៉ោយប៉ែត