ភ្នំពេញ ៖ ស្ត្រីជាម្ចាស់ហាងអ៊ុតសក់ យីហោ ណាផា សាឡន ត្រូវគេប្រទះឃើញ ចងកធ្វើអត្តឃាតសម្លាប់ខ្លួននៅនឹងចម្រឹង បង្អួចស្លាប់ ចោល ប្តី និង កូនប្រុសស្រីតូចៗ ៣នាក់ ដោយសង្ស័យកើតចេញពីរឿង ស្នេហាត្រីកោណ ។ ខណៈមុនពេលកើត ហេតុមួយថ្ងៃនោះ គេឃើញម្ចាស់ហាង រូបនេះបានអង្គុយផឹកស្រាបៀរ ហើយឆាត ហ្វេសប៊ុកសាសងជាមួយប្រុសស្នេហ៍រហូតដល់ថ្នាក់នាងយំទៀតផង ។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង៥និង៣០នាទីព្រឹកថៃ្ងព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចំណុចហាងអ៊ុតសក់យីហោ ណាផា សាឡន ផ្ទះលេខ ៤១២ ផ្លូវលេខ ៣៥១ ភូមិតាងៅ កណ្តាល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពមានឈ្មោះ ថន គឹមស្រស់ អាយុ ៣៤ឆ្នាំ មុខរបរជាម្ចាស់ ហាងអ៊ុតសក់ យីហោ ណាផា សាឡន មានស្រុកកំណើត នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមប្រភពសមត្ថកិច្ច បានប្រាប់ឲ្យ ដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែមេសាគេ ឃើញស្ត្រីរងគ្រោះបានអង្គុយផឹកស្រាបៀរអស់ចំនួន២កំប៉ុងនៅក្នុងហាងមួយកន្លែងនៅក្បែរផ្ទះ ដោយនិយាយឆ្លើយឆ្លងតាមឆាតជាមួយបុរសម្នាក់បណ្តើរនិងយំ បណ្តើរ។ លុះដល់យប់ឡើងនាងក៏បាន ចូលដេកជាមួយបុរសជាប្តីនៅក្នុងបន្ទប់ជាធម្មតា។ លុះព្រឹកឡើងនៅពេលដែលប្តី ងើបរៀបចំទៅធ្វើការ ក៏ស្រាប់តែឃើញស្ត្រីជាប្រពន្ធចងកជាប់នឹងចម្រឹងបង្អួចស្លាប់បាត់ទៅហើយ និងសង្ស័យកើតចេញពី រឿងស្នេហាត្រីកោណ ព្រោះកន្លងមកនាង តែងតែបានទាក់ទងជាមួយប្រុសផ្សេង ក្បត់ប្តី និងមានវិបត្តិធ្ងន់ធ្ងរទំនងដោះស្រាយមិនចេញ ទើបបានជាសម្រេចចិត្តធ្វើអត្តឃាតចោលប្តី និងកូនប្រុសស្រីតូចៗទាំង ៣នាក់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់ផ្ទះកើតហេតុដើម្បីត្រួតពិនិត្យ ទៅលើសាកសពរបស់ស្ត្រីរងគ្រោះបាន បញ្ជាក់ថា នាងពិតជាស្លាប់ ដោយសារតែ ចងកធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារ ដឹកយក ទៅធ្វើបុណ្យនៅស្រុកកំណើតឯស្រុក កោះសូទិន ខេត្តកំពង់ចាម ៕ ហេង នរិន្ទ្រ