ខេត្តប៉ៃលិន៖ បុរសម្នាក់ បើកបរម៉ូតូឌុបស្ត្រីម្នាក់ជាប្រពន្ធពីក្រោយ បើកក្នុងល្បឿនលឿន ជែងរថយន្តដឹកទឹកកក ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត នៅពីមុខមិនស្គាល់ភិនភាគ១ទំហឹង បណ្ដាលឲ្យបុរសនោះស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ក្រោយមកត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកជនរងគ្រោះម្នាក់យកទៅព្យាបាលបន្តនៅពេទ្យបាត់ដំបង. រីឯសាកសពយុវជនម្នាក់ជាអ្នកបើកបរ បន្ទាប់មកត្រូវបានបងប្អូនយកទៅធ្វើបុណ្យតែម្ដង ។
សមត្ថកិច្ចនគរបាលជំនាញស្រុកសាលាក្រៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង១៩ និង ០០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើដងផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំលុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារម៉ូតូបើកជែងរថយន្តរួចរេចង្កូតទៅបុករថយន្ត បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។
ជនរងគ្រោះទី ០១-ឈ្មោះ ឈៀ ភេទប្រុស អាយុ ២៥ឆ្នាំ ជាបើកបរម៉ូតូមលម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ប៉ៃលិន 1A-8376 បានស្លាប់នៅនឹងកន្លែងកើតហេតុទី ០២-ឈ្មោះ ពេជ្រ វិត ភេទស្រី អាយុ ២០ឆ្នាំ ( ប្រពន្ធ ) រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានបន្តថា អ្នកទាំងពីររស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ អ្នកបើកបររថយន្តដឹកទឹកកកឈ្មោះ សេប សុង ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអូពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បើកបររថយន្តម៉ាក hyundai ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 3A-0327 បើកបរពីជើងទៅត្បូង ស្របទិសគ្នា អ្នករួមដំណើរក្នុងរថយន្ត ឈ្មោះ នុន បុសភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
នៅក្នុងហេតុការណ៍នេះ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង បើកជែងរថយន្តម៉ាក hyundai ដឹកទឹកកក ដែលធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀត មិនស្គាល់ភិនភាគ ដែលធ្វើដំណើរច្រាស់ទិសគ្នា រួចខ្ទាតចូលក្រោមរថយន្ត hyundai ដែលធ្វើដំណើរស្របទិសគ្នាវិញ បណ្ដាលឲ្យអ្នកបើកបរត្រូវបានរថយន្តដឹកទឹកកកកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកស្រ្ដីជាប្រពន្ធរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចបញ្ជូនបន្តទៅពេទ្យខេត្តបាត់ដំបង ។ ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុរថយន្តបង្កមិនស្គាល់ភិនភាគខាងលើ បានបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តដឹកទឹកកក ម៉ូតូ និងសពជនរងគ្រោះនៅដេកស្ដូកស្ដឹងកណ្ដាលផ្លូវ ។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំដោះស្រាយ រីឯរថយន្តបង្កកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ៕ ស សារ៉េត