ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបងតូច បងធំប្រុស ស្រី ចំនួន១០នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ចុះឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមបងតូចបងធំប្រុសស្រី ចំនួន១០នាក់ កំពុងឈ្លោះគ្នា ដោយម្នាក់ៗមានកាន់កាំបិតគ្រប់ដៃបំរុងដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ បង្កការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ ចុះបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែង និងដកហូតបានថ្នាំញៀនចំនួនផងដែរ ។

ករណីបង្ក្រាបក្រុមបងតូចបងធំតាមផ្លូវរថភ្លើងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦២ ត្រូវនឹងថ្ងៃថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើងក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្រ្តីកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានឲ្យដឹងថា ករណីឃាត់ខ្លួនជនប្រុសស្រីចំនួន១០នាក់ ក្នុងនោះស្រី៣នាក់ ប្រុស៧នាក់ដកហូតបានវត្ថុតាងរួមមានកាំបិតមុត ស្រួចជាច្រើនកាំបិត និងថ្នាំញៀនចំនួន ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ ដោយក្រុមបងតូចបងធំទាំងអស់នេះ សុទ្ធតែជាក្រុមអ្នកប្រើប្រាស់ថ្នាំញៀន ហើយតែងតែបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ទើបនៅថ្ងៃកើតហេតុពួកគាត់ប្រុងបើកឆាកប្រយុទ្ធគ្នា ក៏សមត្ថកិច្ចចុះមកអន្តរគមន៍ឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមជាមួយនឹងវត្ថុតាង ត្រូវអាវុធហត្ថបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅបញ្ជាការដ្ឋានខណ្ឌឫស្សីកែវដើម្បី កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ អារុណរះ


ចែករំលែក៖