ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចនៅធនាគារចិន នៅទីក្រុងប៉េកាំង ប្រទេសចិន

ចែករំលែក៖

ប្រទេសចិន៖ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកា«ខ្សែក្រវ៉ាត់ និងផ្លូវ»លើកទី 2 រួចហើយនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចទីស្នាក់ការកណ្តាល របស់ធនាគារចិន នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំ នៃធនាគារចិនជាច្រើនរូប។ នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រនោះ ថ្នាក់ដឹកនាំនៃធនាគារចិន មាន​ប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលធនាគារចិនក្នុងទីក្រុងប៉េកាំងនេះ។ លោកប្រធានាធនាគារមានប្រសាសន៍ បញ្ជាក់ថា ធនាគារចិនមានអាយុកាលជាង១០០ឆ្នាំមកហើយ ដោយមានជាង៦០សាខានៅទូទាំងពិភពលោក និងមានបុគ្គលិកជាង៤សែននាក់។

សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍សំដែងនូវអំណរគុណសាជាថ្មីម្តងទៀត ដែលធនាគារចិនបានអនុញ្ញាតឲ្យរូបសម្តេចបានទៅបំពេញទស្សនកិច្ចសាជាថ្មីម្តងទៀត នៅទីស្នាក់ការកណ្តាលរបស់ធនាគារចិន ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីរូបសម្តេចនិងគណៈប្រតិភូធ្លាប់បានទៅបំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៧។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់បន្ថែមថា ដោយសារតែមានភាពរឹងមាំនៃចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរនោះហើយ ដែលបានជំរុញឲ្យបណ្តាធនាគារ និងក្រុមហ៊ុនចិនជាច្រើន បានមកបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ពិសេសទៅទៀតនោះ តាមរយៈវត្តមានរបស់ធនាគារចិននេះហើយ ដែលជំរុញឲ្យក្រុមហ៊ុនចិនជាច្រើន បានទៅបណ្តាក់ទុនក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន វារីអគ្គិសនី រោងចក្រ សហគ្រាសតូចធំ និងសមិទ្ធផលសង្គមដទៃទៀត៕


ចែករំលែក៖