ខេត្តកំពង់ឆ្នាំង៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្រ្ដីជំនាញខេត្ដបានចុះទៅពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុក បរិបូណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គម្រោងប្រព័ន្ធធារាសាស្ត្រលំហាច ត្រូវបានអនុវត្តន៍ក្រោមឥណទានសម្បទានរបស់ជប៉ុន ក្នុងទឹកប្រាក់ចំនួនប្រមាណ៣៣លានដុល្លារអាម៉េរិក សម្រាប់រយៈពេល០៣ឆ្នាំ (២០១៧-២០១៩)។ គម្រោងនេះ អនុវត្តន៍ដោយក្រុមហ៊ុនសាងសង់អន្តរជាតិ Tidal Marine Engineering Co. Ltd. និងត្រួតពិនិត្យការអនុវត្តគម្រោង ដោយក្រុមហ៊ុនជប៉ុន NIPPON KOEI។
លោក ប្រធានមន្ទីរបានឲ្យដឹងទៀតថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច រហូតមកដល់ពេល នេះ សម្រេចបានប្រមាណ៩៧.៥ភាគរយ និងគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។ លោកប្រធានមន្ទីរបានបន្ដថា តាមផែនការ ពេលដែលប្រព័ន្ធធារាសាស្រ្តលំហាចសាងសង់រួច នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីដាំដុះបានចំនន ៣.២៨៩ ហិកតា នៅរដូវវស្សា និងចំនួន៣០០ហិកតា នៅរដូវប្រាំង។
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តន៍គម្រោង និងវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឲ្យខិតខំបញ្ចប់ការងារប្រកបដោយគុណភាពស្របតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។ លោកបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ បានប្រែមុខប្រែមាត់ ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មជាចម្បង។
លោករដ្ឋមន្រ្ដីបានបន្តថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុបានក្លាយជាគ្រោះមហន្តរាយ មួយ ដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិ និងជាអាទិភាពរសើបសម្រាប់សកលលោកក្នុង សតវត្សរ៍ទី២១នេះ។ ទន្ទឹមនេះ ស្របពេលដែល ភពផែនដីកាន់តែកើនឡើងកំដៅ ផលប៉ះ ពាល់នៃការ ប្រែប្រួលអាកាសធាតុមានកម្រិតកាន់តែធ្ងន់ធ្ងរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងនិរន្តរភាពបរិស្ថានពិភពលោក។
លោកបានលើកឡើងថា ការប្រែប្រួលអា កាសធាតុត្រូវបានចាត់ទុក ជាបញ្ហាចម្បងដែលត្រូវដោះស្រាយតាមរយៈការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពសមស្របមួយ ដើម្បីឆ្លើយតបទាំងកម្រិតសកលលោក ថ្នាក់តំបន់និង ថ្នាក់ ជាតិ។
លោកបានបន្ថែមទៀតថា ដើម្បីដោះស្រាយនូវចំពោះមុខជាបន្ទាន់រាជរដ្ឋាភិបាល កំពុងញាប់ដៃញាប់ជើង ស្ដារហេដ្ឋរចនាសម្ព័ន្ធលើគ្រប់វិស័យ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ នៅ ទូទាំងប្រទេស ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាបលរដ្ឋឲ្យកាន់តែប្រសើរឡើង ៕