ភ្លើងឆាប់ឆេះទ្រង់ទ្រាយធំ នៅរោងច័ក្រផលិតមីស៊ីល Krasnoyarsk កាលពីថ្ងៃទី២៦ ខែមេសា ។ ផ្សែងខ្មៅគ្របដណ្តប់ ក្នុងបរិវេណទ្រង់ទ្រាយធំ ៥០០០ម៉ែត្រក្រឡា ក្នុងរោងចក្រ ។ ក្រុមពន្លត់អគ្គិភ័យ ជិត១០០ នាក់ និងរថយន្តពន្លត់អគ្គិភ័យ១៦គ្រឿង ទំនើបៗបំផុតបានបញ្ជូនទៅគ្រប់គ្រងស្ថានភាព ។
រោងចក្រខាងលើ សម្រាប់ផលិតគ្រឿង ម៉ាស៊ីន Krasnoyarsk ដែលជាកន្លែងផលិតមីស៊ីលឆ្លងទ្វីប ICBM Sarmat និងមីស៊ីល SIneva ។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានប្រកាសពីការឆាប់ឆេះខាងលើផងដែរ ។
ឧបករណ៍ពន្លត់អគ្គិភ័យទំនើបបំផុតរបស់រុស្ស៊ីបានបញ្ជូនទៅកន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានភាព។ ក្រុមពន្លត់អគ្គិភ័យចំណាយពេលជាច្រើនម៉ោងទើបអាចគ្រប់គ្រងបានដោយជោគជ័យ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ការឆាប់ឆេះនៅលើផ្ទៃក្រឡា ប្រមាណ៥០០០ម៉ែត្រ ហើយដំបូលមួយផ្នែកធំ បានបាក់ស្រុត ។
ប្រភពព័ត៌មានបានឲ្យដឹងថា រោងចក្រដំឡើង មីស៊ីល Sarmat និង Sineva ដាក់នៅកន្លែងផ្សេងចម្ងាយពីកន្លែងឆេះប្រមាណ១គីឡូម៉ែត្រ ។ នៅពេលនេះ មិនទាន់ដឹងពីការខូចខាតនៅឡើយទេ ក៏ដូចជាមូលហេតុបណ្តាលឲ្យឆាប់ឆេះខាងលើ ។
បច្ចុប្បន្ន តួលេខស្តីពីមីស៊ីល ICBM sarmat របស់រុស្ស៊ីបានរក្សាជាការសម្ងាត់ ។ ប៉ុន្តែប្រភពព័ត៌មានបានឲ្យដឹងថា មីស៊ីល Sarmat មានទម្ងន់ដល់ទៅ ១០៥តោន ដោយអាចបំពាក់ក្បាលគ្រាប់ទម្ងន់១០តោន ។ មីស៊ីល Sarmat ផលិតឡើងដើម្បីផ្លាស់ប្តូរ មីស៊ីល ICBM R-36M2 Voemoda ៕