ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលរលាបឃើញថា នៅវេលាម៉ោង១១ និង៤៥នាទី យប់ថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្រះថៃ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ មានករណីគ្រោះអគ្គិភ័យឆាបឆេះមួយបានកើតឡើង បណ្ដាលឲ្យរោងទុកសម្ភារឆេះអស់ទាំងស្រុង ។
របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលខាងលើបន្តថា រោងទុកសម្ភាររងការឆាបឆេះអស់ទាំងស្រុងនោះ សង់អំពីឈើ ដំបូងប្រក់ស័ង្កសី មានទំហ៊ុំ ២០ម៉ែត្រ គុណ និង ២០ម៉ែត្រ ១ខ្នង សម្ភារការខូចខាតរួមមាន៖ រោងខាងលើ ៊១ខ្នង គោយន្ដកន្រ្តៃចំនួន ០១គ្រឿង ម៉ាស៊ីនបូមទឹកចំនួន ០១គ្រឿង ម៉ាស៊ីនបូមខ្យល់ចំនួន ០១គ្រឿង រឺម៉កម៉ូតូចំនួន ០២គ្រឿង និងស្រូវចំនួន ០២តោនរួមទាំងសម្ភារប្រើប្រាសមួយចំនួនទៀតផងដែរ ។
របាយការណ៍ដដែលបន្តទៀតថា ម្ចាស់រោងទុកសម្ភាររងការឆាបឆេះអស់ទាំងស្រុងខាងលើនោះឈ្មោះ ចៅ គក ភេទប្រុស អាយុ ៧៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ ហើយការដែលអគ្គិភ័យឆាបឆេះនេះអាចបណ្ដាល មកពីឆ្លងចរន្តអគ្គិសនី(ទុស្សេ) ៕ បុឹម ពិន