ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ ឃុំខ្លួន អ្នកនេសាទជនជាតិវៀតណាម ២នាក់ ករណីដឹកជញ្ជូនអ៊ួនអូសទឹកសាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក នាយរង ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ឆាយ មន ដឹកនាំកម្លាំងក្រោមឱវាទ ផ្នែក សង្កាត់ ចុះបង្រាបបទល្មើសធនធានធម្មជាតិ (នេសាទ) ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមទាំងវត្ថុតាងផងដែរ ។

ប្រភពព័ត៌មានពីមន្រ្តី ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់បានឲ្យដឹងតាមទូរស័ព្ទ នាល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ថា ជនសង្ស័យជនជាតិវៀតណាម ជាអ្នកនេសាទ ដែលមន្រ្តីជំនាញជលផលឃាត់ចាប់ទាំង ២នាក់ ត្រូវបានតុលាការ នៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេច ឃុំខ្លួនជាបណ្ដោះអាសន្នហើយ កាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ចំណែកវត្ថុតាង បាឡាស្មាច់ ភ្ជាប់ម៉ាសុីន សាំយ៉ុង ០១គ្រឿង អ៊ួន អូសទឹកសាប ០១វង់ និងខ្សែភ្លើងប្រវែង ២០ម៉ែត្រ មន្រ្ដីជំនាញរដ្ឋជលផលរក្សាទុកជាបណ្ដោះអាសន្ន ។

គួររំលឹកផងដែរថា ប្រតិបត្តិការខាងលើធ្វើឡើង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចអតីតឡូត៍នេសាទលេខ៣ ស្ថិតក្នុង ភូមិដីរនាថ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងរិបអូសមនុស្សចំនួន ២នាក់ ជាជនជាតិវៀតណាមប៉ុន្តែគេមិនបញ្ជាក់អំពីឈ្មោះនោះឡើយ នៅគ្រា ដែលជនសង្ស័យកំពុងធ្វើសកម្មភាពដឹកជញ្ជូន នូវឧបករណ៍ជាវត្ថុតាងដូចបានរាបរបខាងលើ ៕ បុឹម ពិន


ចែករំលែក៖