ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់!! ប្រើ​ដែក​បំពង់​ទីប​ វាយ​ និង​ដាវ​សា​ម៉ូ​រៃ កាប់​ ហើយ​បើករថយន្ត​ដេញ​បុក​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏​សាហាវ​មួយ​ បានកើតឡើង និងបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ ខណៈមាន​ជនសង្ស័យ​មួយ​ក្រុម​ មានគ្នាប្រហែល​១០​នាក់ បានប្រើ​ដែក​បំពង់​ទីប​វាយ​ និង​យកដាវ​សា​ម៉ូ​រៃ​ កាប់​ មកលើ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន ហើយ​បើករថយន្ត​ដេញ​បុក​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​ នៅ​ចំណុច​មុខ​ឌី​យ៉ា​ម៉​ង​ ស៊ី​ធី​ (​ស្ពានដែក​ចំការ​ដូង​)​ ។ ​

ក្នុង​ហេតុការណ៍​ដ៏ព្រៃផ្សៃមួយនេះ​ បានបង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​ និង​៤០​នាទី​រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃអាទិត្យ​ ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។ ​

សមត្ថកិច្ចបានឲ្យដឹងថា ​ជន​រង​គ្រោះ​ទាំង​២​នាក់​ ទី​១.​ឈ្មោះ​ អ៊ុ​ តុល​ ហៅ​លិញ​ ភេទ​ប្រុស​ អាយុ​២៧​ ឆ្នាំ​ (​ស្លាប់​)​ មុខរបរ​ សន្ដិសុខ​ឯកជន​ ទីលំនៅ​ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ ។ ​ទី​២​ឈ្មោះ​ អឿ​ន​ ប៊ុ​ន​ថា​ន់​ ហៅ​ចំបើង​ ភេទ​ប្រុស​ អាយុ​ ២៣​ ឆ្នាំ​ (​របួសធ្ងន់​)​ មុខរបរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ម័​ល​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ​ជិះ​រថយន្ដ​ម៉ាក​ ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AT-2875​ និង​រថយន្ដ​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ស​ មួយ​គ្រឿង​ទៀត​ មិន​ចាំ​ស្លាក​លេខ​ គេចខ្លួន​បាត់​ ទាំង​ពីរ​គ្រឿង​ ។ ​

សមត្ថកិច្ច​បានឲ្យដឹងទៀតថា​ នៅ​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២​ និង​៤០​នាទី​ទៀប​ភ្លឺ​ មាន​ជនសង្ស័យ​មួយ​ក្រុម​ មាន​គ្នា​ប្រហែល​ ១០​នាក់​ ជិះ​រថយន្ដ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AT-2875​ និង​រថយន្ដ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ ពណ៌​ស​ មួយ​គ្រឿង​ទៀត​ មិន​ចាំ​ស្លាក​លេខ​ បាន​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ តុល​ ហើយ​ក៏​ប្រតាយប្រតប់​គ្នា​ដោយ​ក្រុម​ជនសង្ស័យ​ប្រើ​ដំបង​ទីប​ និង​ដាវ​ ។ ​

បន្ទាប់​មក​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ តុល​ បាន​ទៅ​ហៅ​ ជន​រង​គ្រោះ​ឈ្មោះ​ អឿ​ន​ ប៊ុ​ន​ថា​ន់​ ត្រូវជា​ប្អូនជីដូនមួយ​របស់​ខ្លួន​ មក​ជួយ​វាយ​គ្នា​ ហើយ​ក្រុម​ជន​ង្ស័​យ​ក៏​បាន​វាយ​ និង​កាប់​មក​លើ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​ រួច​ក៏​បើករថយន្ដ​បុក​រហូត​ដល់​ស្លាប់​ឈ្មោះ​ អ៊ុ​ តុល​ ហើយ​ក៏​បើករថយន្ដ​ទៅ​ទិស​ខាងជើង​ តាម​ផ្លូវ​២១៧​ គេចខ្លួន​បាត់​តែ​ម្ដង​ ។ ​

ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​ជួយ​អន្ដរាគមន៍​ ដោយ​យកឈ្មោះ​ អឿ​ន​ ប៊ុ​ន​ថា​ន់​ ទៅ​សង្គ្រោះ​នៅ​គ្លី​នី​ក​សួរ​គ៌ា​រ​រង​របួស​បាក់​ឆ្អឹងកដៃ​ស្ដាំ​ ដាច់​រយះ​ដៃ​ខាងឆ្វេង​ ២​កន្លែង​ ក្បាល​ជា​ច្រើន​កន្លែង​ ដេរ​សរុប​ចំនួន​៤៥​ថ្នេរ​ និង​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ តុល​ បាន​រង​របួស​ពេញ​រូបរាង​កាយ​ និង​ក្បាល​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ និង​កន្លែង​តែ​ម្ដង​ ។ ​

បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​នៅ​វត្ត​សំបួរ​ និង​ ជន​រង​គ្រោះ​រង​របួស​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សួគ៌ា​ ចំពោះ​ករណី​ខាងលើ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ​៕ ភារ៉ា ដង្កោ


ចែករំលែក៖