ភ្នំពេញ៖ យុវតីម្នាក់កើតទុក្ខមិនសុខចិត្ត ខឹងម្ចាស់ហាងមិនទទួលខុសត្រូវ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ដោយសារតែមានជនសង្ស័យចូលមកលួចម៉ូតូរបស់គាត់ ខណៈ ដែលទុកមុខហាងហើយជាប់រវល់ហូបអាហារជួបជុំមិត្តភក្តិភ្លេចខ្លួន លុះចេញមកវិញ ទើបដឹងថា បាត់ម៉ូតូ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចហាង ផឹកស៊ីមួយកន្លែង យីហោ”ជួបជុំ”ស្ថិតនៅតាមបណ្ដោយផ្លូវ១៥៦ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម៉ូតូ ដែលត្រូវចោរលួចយកទៅបាត់នោះ ម៉ាកហុងដា ហ្សូមមឺអិច (HondaZoomerX)ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1FY-9270 ម្ចាស់ឈ្មោះ វណ្ណ វណ្ណសុរីរ័ត្ន ភេទស្រី អាយុ២៦ ឆ្នាំមានទីលំនៅផ្ទះលេខ ៣១១ ផ្លូវBT ភូមិព្រៃល្ងរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីយុវតីម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនកើតហេតុរូបនាងបានទុកម៉ូតូរបស់នាងក្បែរម៉ូតូ៤-៥គ្រឿងផ្សេងទៀត ដែលទុកនៅមុខហាងកើតហេតុខាងលើនោះតែពុំឃើញមានបុគ្គលិកឬសន្តិសុខណាមកកឹបសំបុត្រម៉ូតូនោះទេហើយរូបនាងក៏បានដើរចូលទៅអង្គុយជួបជុំមិត្តភក្តិញាំអាហារបណ្ដើរជជែកគ្នាបណ្ដើរ ហើយយក៏មិនដឹងថា មានចោរមកលួចយកម៉ូតូរបស់នាងតាំងពីពេលណានោះទេ លុះដល់ម៉ោងកើតហេតុខាងលើ ពេលគិតលុយរួចចេញមកក្រៅហាង ស្រាប់តែបាត់មិនឃើញម៉ូតូរបស់នាង ទើបស្រែកឆោឡោឡើងថា បាត់ម៉ូតូ ទើបម្ចាស់ហាង ដែលជាអ្នកស្គាល់គ្នា បានចេញមកនិយាយ ជាមួយរូបនាងដែរហើយនាង ក៏មិនចង់វែងឆ្ងាយអីដែរ គ្រាន់តែចង់សុំឲ្យជួយចេញសំណងពាក់កណ្ដាលមក រូបនាង និងរកលុយពាក់កណ្ដាលទៀត ទៅទិញម៉ូតូមួយវិញ ព្រោះចាត់ទុកថា នាងស៊យទៅចុះ ។
បន្ទាប់មកម្ចាស់ហាង ក៏បាននិយាយប្រាប់នាងថា ហាងរបស់គាត់ ពុំមានកាមេរ៉ាសុវត្ថិភាពនោះទេ ហើយក៏សួររកសំបុត្រម៉ូតូហើយរូបនាងពុំបានកឹបសំបុត្រម៉ូតូទៀត ព្រោះពេលចុះមកមុនដំបូងមិនមានអ្នកណានៅអង្គុយមើលម៉ូតូ ឬមកកិបសំបុត្រម៉ូតូនោះទេ ទើបម្ចាស់ហាងមិនព្រមទទួលខុសត្រូវ ហើយឲ្យរូបនាងដាក់ពាក្យប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍ទៅហើយម្ចាស់ហាងក៏ឡើងរថយន្តបើកចេញទៅបាត់តែម្ដង ដោយមិនព្រមទទួលខុសត្រូវលើការបាត់បង់ម៉ូតូរបស់នាង ក្នុងនាមជាភ្ញៀវបន្តិចសោះឡើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
បន្ទាប់មកនារីរងគ្រោះ ដែលជាម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី២នៃអធិការដ្ឋាននគរបាលទួលគោក ដើម្បីឲ្យជួយស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ។ បច្ចុប្បន្នក្រោយពីទទួលពាក្យបណ្ដឹងរួចហើយ សមត្ថកិច្ចក៏អនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ ទុកឲ្យសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕ ធឿនព្រែកជ័យ